សម្តេច ហ៊ុន សែន ៖ នាវាខ្នាតយក្សអាមេរិក បើចង់បន្តចត ឬចង់មកទៀត កម្ពុជាស្វាគមន៍ជានិច្ច

សម្តេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ថ្លែងនាឪកាសដែលសម្តេចបាន​អញ្ជើញ​ស្វាគមន៍​ដោយផ្ទាល់​ជាមួយ​ទេសចរ​នៅលើ​នាវា​ទេសចរណ៍ Westerdam ដែល​កំពុង​ចូលចត​នៅ​កំពង់ផែ​ក្រុង​ព្រះ​សី​ហន កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០​ ថា ​កម្ពុជានៅតែរងចាំទទួលស្វាគមន៍អ្នកដំណើរនៅលើនាវាទេសចរណ៍ WESTERDAM ទាំងពេលនេះ​និងពេលក្រោយទៀត។

នាឪកាសនោះ សម្តេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដែលចំថ្ងៃបុណ្យនៃក្តីស្រឡាញ់ សម្តេចបានអញ្ជើញទៅកាន់ខេត្តព្រះសីហនុទទួល ស្វាគមន៍ដោយផ្ទាល់ជាមួយអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam នៅកំពង់ផែក្រុងព្រះសីហនុ និងបានជូនផ្កាដល់អ្នកទេសចរផងដែរ។ ទន្ទឹមនឹងនេះ ក៏មានការជួយសម្របសម្រួលដល់អ្នកដំណើរមួយចំនួនផ្ទេរតាមយន្តហោះទៅកាន់ប្រទេសរៀងៗខ្លួនរបស់ពួកគេវិញផងដែរ។

 

ទន្ទឹមនឹងនេ សម្ដេច បានណែនាំឲ្យម្ចាស់សណ្ឋាគារនិងភោជនីយដ្ឋានទាំងអស់មិនត្រូវមានការរើសអើងណាមួយចំពោះពួកគេនោះទេ ។ ជាងនេះទៀត សម្តេច បានបញ្ជាក់ថា ក្នុងកំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជាគឺកម្ពុជាមិនគិតកម្រៃវីសា និងសេវាផ្សេងៗឡើយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រកាសស្វាគមន៍ដល់នាវាខ្នាតយក្សរបស់អាមេរិកនេះបើចង់បន្តចតក្នុងរយៈពេល១ខែទៀតក៏បានដែរ ឬនៅពេលក្រោយបើនាវាទេសចរណ៍នេះចង់មកកម្ពុជាទៀតគឺកម្ពុជារង់ចាំទទួលស្វាគមន៍ដោយក្តីរីករាយជានិច្ច។

ក្នុងឪកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានជូនពរដល់ភ្ញៀវទេចរទាំងអស់អាចធ្វើដំណើរដោយសប្បាយរីករាយ និងជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា ជាពិសេសនៅក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ថ្ងៃនេះ៕ អត្ថបទ៖ ហ្សាលីន