រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងសរុប២៤ម៉ឺនដុល្លារសម្រាប់គម្រោងកែលម្អផ្លូវ ស្ពាននៅខេត្តក្រចេះ និងខេត្តកំពត

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសរុប ២៤៩.៥២៨ ដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អផ្លូវ និងស្ពាននៅខេត្តក្រចេះ និងខេត្តកំពត ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងសម្រួលដល់ផ្នែកដឹកជញ្ជូនរបស់ប្រជាសហគមន៍។
ការបង្ហាញនេះ ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង ក្រោមគម្រោងទ្រង់ ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) ដែលធ្វើឡើងនៅស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែមីនានេះ លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hide hisa) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា ថវិកាចំនួន ៦២.៦៣៨ ដុល្លារ ផ្តល់ឲ្យសម្រាប់គម្រោងកែលម្អផ្លូវថ្នល់ក្នុងឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយ មាស ខេត្តកំពត។


លោកបន្តថា ចំណែកថវិកាចំនួន ១៨៦.៨៩០ ដុល្លារទៀត ផ្តល់សម្រាប់គម្រោងសាងសង់ស្ពាន ក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ លោកបានបង្ហាញភាពជឿជាក់ថា គម្រោងអភិវឌ្ឍន៍ នេះ នឹងរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មានភាពរស់រវើក តាមរយៈ មធ្យោបាយធ្វើដំណើរដែលល្អប្រសើរដូចជាទៅកាន់សាលារៀន មន្ទីរពេទ្យ ផ្សារ និងតំបន់ ផ្សេងៗទៀត។


លោកឯកអគ្គរាជទូតជប៉ុនបន្ថែមថា ប្រទេសជប៉ុននឹងបន្ត ចូលរួមចំណែក ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយនៅកម្ពុជា តាមរយៈក្របខ័ណ្ឌ សហប្រតិបត្តិការ សេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួមទាំងក្នុងក្របខ័ណ្ឌជំនួយគូសាណូណិ។
តាមរបាយការណ៍របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានឱ្យដឹងថា ចាប់ តាំង ពីឆ្នាំ១៩៩១ រហូតមក ដល់បច្ចុប្បន្នជំនួយគូសាណូណិសម្រាប់គម្រោងអភិវឌ្ឍន៍ខ្នាតតូច នៅកម្ពុជា មានប្រមាណជាង៦០០គម្រោង ដែលមានដូចជា ហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ការលើកកម្ពស់ការអប់រំនៅកម្រិតមូលដ្ឋាន សុខាភិបាលកម្រិតមូលដ្ឋាន កសិកម្ម ជាដើម៕