ក្រសួងសុខាភិបាលហាមឃាត់ការដាក់លក់ឱសថ Chloramine B ដែលអ្នកលក់ផ្សាយថាអាចសម្លាប់មេរោគកូរ៉ូណា

0

នៅថ្ងៃទី24 ខែមីនានេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្ដីប្រកាសជូនដំណឹងពីឱសថឈ្មោះ Chloramine B ដែលបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុកមួយថា អាចសម្លាប់មេរោគកូរ៉ូណានោះ។

ឱសថដែលគេផ្សាយក្នុងការលក់នោះមិនមានលេខបញ្ជិកា និងការទទួលស្គាល់ពីក្រសួងសុខាភិបាលឡើយ។ដូចនេះ ឱសថនេះអាចបង្កផលប៉ះពាល់ និងគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកប្រើប្រាស់យ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានេះដែរ ក្រសួងសូមឱ្យបងប្អូនប្រជាពលរដ្ឋណាដែលបានជួបប្រទះឃើញជនណា លក់ឱសថ Chloramine B សូមផ្ដល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ ឬត្រូវការព័ត៌មានបន្ថែមពីក្រសួងសុខាភិបាល សូមទាក់ទងតាមរយៈលេខទូរស័ព្ទ៖ 011 574 787/012 983 334/017 866 760 ។

គួរបញ្ជាក់ផងដែរថា ច្បាប់ស្ដីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថតម្រូវគ្រប់ផលិតផលឱសថទាំងអស់ ត្រូវចុះបញ្ជិកាពីក្រសួងសុខាភិបាល និងរាល់ការនាំចូលនូវផលិតផលទាំងនេះត្រូវមានការអនុញ្ញាតឱ្យនាំចូលពីក្រសួងសុខាភិបាល ហើយការផ្សព្វផ្សាយឱសថ និងជាលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺត្រូវមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលផងដែរ ដើម្បីឱ្យក្រសួងសុខាភិបាលមានលទ្ធភាពពិនិត្យពីខ្លឹមសារ ផ្សព្វផ្សាយជាមុនឱ្យស្របតាមលក្ខណៈវិទ្យាសាស្ត្រ៕