សម្តេច ហ៊ុន សែន៖ កម្ពុជាពិតជាអាចយក​ឈ្នះ និងអា​ចបណ្ដេ​ញកូវីដ ១៩ ចេញពី​កម្ពុជា​ឆាប់ៗ​នេះ

0

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន ​បានឲ្យដឹងនៅថ្ងៃទី ២៥ ខែមីនានេះ​ថា ​រាជរដ្ឋាភិបាលកម្ពុជាបាន ប្តេជ្ញា​​យ៉ាងមុតមាំ ពិតជាអាចយក​ឈ្នះ និងអា​ចបណ្ដេញ​មេរោគ​កូវីដ១៩ ចេញពី​ប្រទេស​កម្ពុជា​ឲ្យបាន​ឆាប់ៗ​នេះ បើ​ទោះ​បី​​​ជា​កម្ពុជាមានអ្នកឆ្លងវីរុសកូរ៉ូណា កើនឡើងដល់ ៩៣នាក់ហើយក៏ដោយ។

សម្តេច ហ៊ុន សែន ​ក្នុងពិធីជូបសំណេះសំណាលជាមួយគ្រូពេទ្យ​សម្តេចតេជោប្រឆាំងកូវីដ១៩ ប្រមាណជាង ៤២២នាក់នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៥ ខែមីនានេះថា ពាក់ព័ន្ធនឹង​ស្ថានភាពកូវីដ១៩ ឥឡូវនេះកម្ពុជាបានឆ្លងផុតដំណាក់កាលឆ្លងពីខាងក្រៅហើយ ដោយបច្ចុប្បន្ន កំពុងឈរជើងនៅ​ក្នុងដំណាក់កាលទី ២ ដែលមានការងារសំខាន់ៗចំនួ​ន ៣ ដែលត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហាកូវីដ ១៩នេះ។

​សម្តេចនាយកដ្ឋមន្រ្តីបាន​បញ្ជាក់ថា៖« ឥឡូវនេះកម្ពុជាបានឆ្លងផុតដំណាក់កាលឆ្លងពីខាងក្រៅហើយ ហើយបច្ចុប្បន្នយើងកំពុងឈរជើងនៅក្នុងដំណាក់កាលទី ២ ដែលមានការងារ សំខាន់ៗចំនួន ៣ គឺទីមួយការការពារការឆ្លងពីខាងក្រៅ, ទី២.ការការពារការឆ្លងរីករាល ដាលនៅក្នុងប្រទេស និងទីបីគឺការការពារអ្នកជំងឺដែលឆ្លងមេរោគកូរ៉ូណាថ្មី កុំឲ្យមានអ្នក​ស្លាប់»។


ជាមួយគ្នានោះ សម្តេចឲ្យដឹង​ថា នៅកម្ពុជាទោះបីកើតលើប្រជាពលរដ្ឋកម្ពុជាក៏ដោយ ​ក៏សុទ្ធតែជាជំងឺនាំចូលពី​ខាងក្រៅ។ សម្តេចថា ជំងឺដែលនាំចូលពីខាងក្រៅទាំងអស់កើតនៅលើ​ពលរដ្ឋកម្ពុជា​ក៏ដោយសារតែពលរដ្ឋកម្ពុជាឆ្លងពីខា​ង​ក្រៅមកដែរ។ ក្នុងឪកាសនោះទៀតសោទ ប្រមុខរដ្ឋាភិបាកក៏បាន ប្តេជ្ងា​យ៉ាងមុតមាំថា កម្ពុជាពិតជាអាចយក​ឈ្នះ និងអា​ចបណ្តាញកូវីដ ១៩ ចេញពី​កម្ពុជា​ឆាប់ៗ​នេះ។


យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់៩៣នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន៤នាក់ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ៕
អត្ថបទ៖ ហ្សាលីន