រោងចក្រផលិតម៉ាស់ដ៏ធំមួយក្រោម​ទុនវិនិយោគជាង ៣លានដុល្លារ នឹងលេច​ជារូបរាងឆាប់ៗនេះនៅកម្ពុជា

0

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) កាលពីថ្ងៃទី២៤ ខែមីនានេះ ទើបតែអនុម័តឲ្យក្រុមហ៊ុនមួយឈ្មោះ HK BURLTEX MANUFACTORY CO., LTD ដែលវិនិយោគទឹកប្រាក់ ៣.១ លានដុល្លារអាមេរិក ដើម្បីបើករោងចក្រផលិត​ម៉ាស់​ និងកាបូបនៅប្រទេសកម្ពុជា។
យោងតាម Facebook ផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា រោងចក្រថ្មីមួយនេះ នឹងបើកនៅក្នុងសួ​ន​ឧស្សាហ​កម្មវឌ្ឍនៈ២ តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលអាចស្រូ​ប​យកកម្លាំងពលកម្មថ្មី ៩១៥កន្លែង។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «តាមសំណើសុំវិនិយោគ លើគម្រោងបង្កើតរោងចក្រផលិតកាបូប និងម៉ាសគ្រប់ប្រភេទ របស់ក្រុមហ៊ុន HK BURLTEX MANUFACTORY CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិត នៅសួនឧស្សាហកម្មវឌ្ឍនៈ២ អគារលេខ ៩ ផ្លូវជាតិលេខ៣ ភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩១៥កន្លែង»។


សូមជម្រាបថា នៅគ្រាដែលប្រទេសនានានៅលើពិភពលោក កំពុងតែទទួលរងគ្រោះនូវបញ្ហាការរីករាលដាលនៃជំងឺ Covid-19 ធ្វើឲ្យតម្រូវការប្រើប្រាស់ម៉ាស ក៏មានចំនួនកើនឡើងយ៉ាងគំហុក ដែលធ្វើឲ្យតម្លៃម៉ាសមានកើនឡើងខ្ពស់។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់៩៣នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន៤នាក់ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ៕
អត្ថបទ៖ ហ្សាលីន