ប្រមុខរដ្ឋាភិបាល កំពុង​ពិចារណាទូលថ្វាយ​ព្រះមហាក្សត្រ សុំដាក់ប្រទេសកម្ពុជាឲ្យស្ថិតក្នុងគ្រាមានអាសន្ន

0

ភ្នំពេញ៖ សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៅថ្ងៃទី ២៥ ខែមីនានេះ បានលើកឡើងថា សម្ដេចកំពុងពិចារណា ​ទូល​ថ្វា​យសូមព្រះរាជានុញ្ញាតពី​ព្រះមហាក្សត្រកម្ពុជា ដើម្បីដាក់ប្រទេសឲ្យ​ស្ថិតនៅក្នុងគ្រាមានអាសន្ន ខណៈ​ដែ​ល​ជំងឺ​កូវីដ១៩ កំពុងរីករាលដាលនៅក្នុងប្រទេស​​ និងពិភពលោក។


សម្ដេច​ ហ៊ុន សែន បានលើកឡើង​ក្នុង​ពិធីជួបសំណេះសំណាលជាមួយ​គ្រូពេទ្យស្ម័គ្រចិត្តសម្តេច​តេជោប្រយុទ្ធ​ប្រ​ឆាំ​​ងនឹងជំងឺកូវីដ១៩ ប្រមាណ ៤០០នាក់ នៅ​ថ្ងៃទី២៥ ខែមីនានេះនាវិមានសន្តិភាពថា៖«ខ្ញុំកំពុងឲ្យពិនិត្យនូ​វល​ទ្ធ​ភា​ព​ប្រើប្រាស់នូវមាត្រា២២នៃរដ្ឋធម្មនុញ្ញ ដើម្បីស្នើសុំព្រះមហាក្សត្រ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ខ្ញុំមិ​នចង់​ប្រើទេ ក៏ប៉ុន្តែបើការអំពាវនាវរបស់ខ្ញុំ គ្មានប្រសិទ្ធភាព។

សម្ដេចបញ្ជាក់បន្តថា៖«មាត្រា២២ ដែលចែងថា ក្នុងប្រទេសដែលមានមហន្តរាយ ជួបនូវគ្រោះអាសន្ន ព្រះមហា​ក្ស​​ត្រទ្រង់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយមានការឯកភាពពីនាយករដ្ឋមន្ត្រី ពីប្រធានរដ្ឋសភា និងប្រធា​ន​ព្រឹ​​​ទ្ធសភា ដូច្នេះខ្ញុំក៏អាចស្នើសុំការឯកភាពពីប្រធានរដ្ឋសភា ពីប្រធានព្រឹទ្ធសភា និងស្នើសុំពីព្រះមហាក្សត្រចេញ ព្រះ​រា​ជក្រឹត្យដាក់ប្រទេសក្នុងគ្រាមានអាសន្ន»។


សម្តេច​ថា ការដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩នេះ មានប្រទេសដទៃបា​នធ្វើ​រួ​ចហើយ ដូចជាប្រទេសថៃ ប្រទេសឥណ្ឌាក៏បានប្រកាសរួចហើយ។ ​សម្តេចកំពុ​ងឲ្យមា​នការសិក្សាអំពីវិ​សា​ល​​ភាពនៃការដា​ក់ប្រទេសក្នុងគ្រាមានអាសន្ននេះ។


​គិតរហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួនសរុប ៩៣នាក់ ក្នុងចំ​ណោមនោះក៏មានអ្នកជំងឺ ៦នាក់ បានជាសះស្បើយ​ ដែលមានជនជាតិចិន ១នាក់ ជនជាតិអង់គ្លេស ១នា​ក់ និងជនជាតិខ្មែរ ៤នាក់៕