លោក BEN DEVIS កំពុងរៀបចំចំការដាំពូជឈើនាងនួនលើផ្ទៃដីចំនួន ៤ហិកតានៅខេត្តព្រះវិហារ

ព្រះវិហារ: លោក បេន ដេវីស (BEN DEVIS) ជាជនជាតិអាមេរិកាំងដែលត្រូវបានប្រជាពលរដ្ឋខ្មែរបានស្គាល់គាត់តាមរយៈសកម្មភាពរបស់លោកដែលជួយការពារ និងអភិរក្សធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃ«ភ្នំត្នោត-ភ្នំពក» ប៉ុន្ដែខណៈលោកកំពុងរៀបចំចំការដាំពូជឈើនាងនួន និងដាំចំការនាងនួនថ្មីលើផ្ទៃដីចំនួន ៤ហិកតាបន្ថែមទៀត។

តាមមន្ត្រីក្រសួងបរិស្ថានបានឲ្យដឹងថា ដោយបន្តអនុវត្តតាមប្រសាសន៍សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ក្រសួងបរិស្ថានផ្តល់ថវិកាចំនួន ២ ម៉ឺនដុល្លារដល់លោក បេន ដេវីស និងសហគមន៍តាបស ខេត្តព្រះវិហារ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។

មន្ត្រីបន្តថា នៅឆ្នាំ២០១៩ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន បានប្រគល់ជូនលោកបេន ដេវីស នូវរថយន្ត Pickup ចំនួន ០១គ្រឿង ម៉ូតូចំនួន០២គ្រឿង និងថវិកាចំនួន ២ ម៉ឺនដុល្លារពីមូលនិធិបរិស្ថាន និងសង្គមនៃក្រសួងបរិស្ថាន។ នៅឆ្នាំ២០២០នេះ ក្រសួងបរិស្ថានបន្តអនុវត្តតាមប្រសាសន៍សម្តេច ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ថវិកា ចំនួន ២ ម៉ឺនដុល្លារអាមេរិកសម្រាប់ឆ្នាំទី២ ដើម្បីលើកទឹកចិត្តដល់លោក បេន ដេវីស (BEN DEVIS) ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅដែនជម្រកសត្វព្រៃ«ភ្នំត្នោត-ភ្នំពក»។

លោក ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន មានប្រសាសន៍ថា ថវិកាចំនួន ២ ម៉ឺនដុល្លារសម្រាប់ឆ្នាំទី២នេះ លោក BEN DEVIS ស្ថាបនិក BeTreed Adventure សហការជាមួយសហគមន៍តាបស នឹងបន្តអនុវត្តការងារជួសជុលផ្លូវលំ ដោយតភ្ជាប់ពីសហគមន៍មកដែនជម្រកសត្វព្រៃភ្នំត្នោត និងផ្លូវលំជុំវិញដែនជម្រកសត្វព្រៃ ដើម្បីងាយស្រួលល្បាត។

លោកបន្តថា លោក BEN DEVIS នឹងរៀបចំកំណត់ទីតាំងក្នុងដែនជម្រកសត្វព្រៃ ដើម្បីដាក់ជាចំការពូជឈើនាងនួន និងដាំចំការនាងនួនថ្មីលើផ្ទៃដីចំនួន ៤ហិកតា ដែលទើបបានដោះដូរជាមួយប្រជាជន អនុវត្តការដោះដូរដីជាមួយប្រជាជនដែលមានចំការនៅក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក និងបន្តការងារធ្វើការល្បាតជាមួយសហគមន៍៕