នាយករដ្ឋមន្ត្រីអង់គ្លេសមានអាការៈធូរស្រាលបន្ទាប់ពីចូលបន្ទប់សង្គ្រោះបន្ទាន់

ទីក្រុងឡុងដ៍៖ លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេសដែលមានផ្ទុកវីរុសកូវីដ 19 ហើយត្រូវបានបញ្ជូនចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់បន្ទាប់ពីលោកមានអាការ:ក្អក និងពិបាកដកដង្ហើមខ្លាំងកាលពីថ្ងៃចន្ទ ត្រូវបានអ្នកនាំពាក្យប្រចាំរបស់លោករាយការណ៍ថា ស្ថានភាពជំងឺរបស់លោកមានភាពប្រសើរឡើងវិញហើយនៅថ្ងៃអង្គារនេះ។

អ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេសបានឱ្យដឹងថា នៅថ្ងៃអង្គារនេះ អាការៈរបស់លោកមានភាពធូរស្រាល ដោយពុំចាំបាច់ពាក់បំពង់អុកស៊ីសែនដើម្បីដកដង្ហើមនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ទៀតនោះទេ ហើយលោកនាយករដ្ឋមន្រ្តីត្រូវបានទទួលការព្យាបាល និងមើលថែយ៉ាងល្អបំផុតពីខាងមន្ទីរពេទ្យ St Thomas’។

ខណៈពេលស្ថិតក្នុងការព្យាបាលរបស់លោក Boris នៅមន្ទីរពេទ្យ St. Thomas’ លោក Dominic Raab លេខាធិការអន្តរជាតិបានធ្វើការជំនួសលោកនាយករដ្ឋមន្ត្រីអង់គ្លេសនេះលើកិច្ចការមួយចំនួន ដោយសារតែប្រទេសអង់គ្លេសនេះមិនទាន់មានតំណែងផ្លូវការសម្រាប់តំណែងនាយករដ្ឋមន្ត្រីស្ដីទីនៅឡើយទេ៕

ប្រភព៖ kutv