កម្ពុជា ត្រៀមសណ្ឋាគារ និងសាលារៀនជាង៣ពាន់បន្ទប់ទុកព្យាបាលអ្នកឆ្លងជំងឺកូវីដ ១៩

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រាជរដ្ឋាភិបាលបានត្រៀមរៀបបន្ទប់ចំនួន ៣,០០០បន្ទប់ហើយ សម្រាប់ត្រៀបដាក់អ្នកជម្ងឺ ដែលមានទាំងសណ្ឋាគារ សាសារៀន និងអគារស្នាក់នៅរបស់សិស្សផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីឌ-១៩ ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព សម្តេច ហ៊ុន សែន បានបន្តទៀតថា ចំពោះការត្រៀមបម្រុងសម្រាប់អ្នកជំងឺនេះ គឺយើងបានត្រៀមបន្ទប់ចំនួន ៣,០០០បន្ទប់ហើយ មានទាំងសណ្ឋាគារ និងសាលារៀនជាដើម ក្នុងនោះយើងក៏បានត្រៀមក្រុមគ្រូពេទ្យជំនាញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តផងដែរ។

ទន្ទឹមគ្នានោះ សម្តេចបន្តថា យើងបានត្រៀមអាវគ្រូពេទ្យចំនួន៥ពាន់សម្រាប់ និងម៉ាស៥ម៉ឺនម៉ាស រួមទាំងអាល់កុលផងដែរ។ បញ្ហាស្បៀងយើងបានត្រៀមអោយមានការផ្អាកការនាំចេញនូវស្បៀងអាហារសំខាន់ៗដូចជា អង្ករ អំបិល និង ត្រីជាដើម ។ សម្តេច បានជំរុញអោយប្រជាកសិករត្រូវបង្កើនការដាំដុះដំណាំផ្សេងៗអោយបានច្រើនបន្ថែមទៀតដើម្បីអាចជួយបំពេញតម្រូវការនៅក្នុងស្រុកដែលកំពុងខ្វះខាតនោះ។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នៅតែបន្តសុំអោយវិស័យឯកជន និងវិស័យឯកជន ត្រូវមានការយោគយល់គ្នាក្នុងអំឡុងពេលនៃវិបត្តិនៃជំងឺកូវីឌ-១៩ តាមរយៈការអនុគ្រោះ ឬការពន្យាប្រាក់ឈ្នួលជួលអគារ ,ឈ្នួលផ្ទះ ការបង់រំលស់ផ្ទះ និងអាជីវកម្មផ្សេងជាដើម ដើម្បីរួមចំណែកកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងមានវិបត្តិនៃជម្ងឺកូវីឌ-១៩នេះ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន2នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់១១៧នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន៦៣នាក់ និងកំពុងសម្រាកព្យាបាល៥៤នាក់ គិតត្រឹមព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ៕ អត្ថបទ៖ ហ្សាលីន