សម្តេច ហ៊ុន សែន៖ វត្តអារាម និងវិហារសាសនាផ្សេងៗ មិនបិទឡើយ តែហាមជួបជុំប្រមូលផ្តុំគ្នា

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនមានការអោយបិទវត្តអារាម និងវិហារសាសនាផ្សេងៗឡើយ តែគ្រាន់តែហាមមិនអោយមានការជួបជុំប្រមូលផ្តុំគ្នាតែប៉ុណ្ណោះ ចៀសវាងកុំអោយមានការរីករាលដាលជំងឺនេះដល់សហគមន៍។

នេះបើយោងតាមប្រសាសន៍សម្តេច ក្នុងពេលធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីឌ-១៩ ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព។
គ្រានោះ សម្តេច ហ៊ុន សែន បានអះអាងថា ការដែលរដ្ឋាភិបាលបានសម្រេចអោយមានការផ្អាកពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ តែមិនមានន័យថា អោយបិទវត្តអារាម និងវិហារសាសនាផ្សេងៗនោះឡើយ តែគ្រាន់តែហាមមិនអោយមានការជួបជុំប្រមូលផ្តុំគ្នាតែប៉ុណ្ណោះ ចៀសវាងកុំអោយមានការរីករាលដាលជំងឺនេះដល់សហគមន៍ប៉ុណ្ណោះ។

ទន្ទឹមគ្នានោះ សម្តេចបានឲ្យដឹងថា ទាំងវិស័យរដ្ឋ និងឯកជនត្រូវធ្វើការជាធម្មតាមិនមានការឈប់សម្រាកនោះទេ ហើយរដ្ឋនឹងសងថ្ងៃឈប់សម្រាកចំនួន៥ថ្ងៃមកវិញនៅពេលក្រោយ។ ជាមួយគ្នានោះ យើងត្រូវកាត់បន្ថយការធ្វើដំណើរ នៅតំបន់រមនីយដ្ឋាននានា, ទីប្រជុំជន តែទោះជាយ៉ាងណាក៏ដោយសម្តេចអនុញ្ញាតអាចធ្វើការគោរពសាសនានៃពិធីបុណ្យចូលឆ្នាំនៅតាមផ្ទះរៀងៗខ្លួន។យើងត្រូវទប់ស្កាត់ពីអ្នកដែលកើតហើយ មិនអោយឆ្លងទៅអ្នកដែលមិនទាន់កើត តាមរយៈវិធានការដែលយើងអនុវត្តកន្លងមក។

យ៉ាងណា ថ្នាក់ដឹកនាំកម្ពុជារូបនេះ ក៏បានបញ្ជាក់ជាថ្មីថា ពេលនេះយើងកំពុងទប់ទល់ជាមួយនៃជំងឺកូវីឌ-១៩ ដែលជាសង្គ្រាមឥតស្រមោល ហើយសង្គ្រាមនេះគឺយើងមិនអាចយកឈ្នះបានទេ គឺបានត្រឹមតែទប់ទល់តែប៉ុណ្ណោះ ហើយសម្តេច ចាត់ទុកថាការទប់ទល់ជាមួយសង្គ្រាមនេះ គឺត្រូវប្រើយុទ្ធសាស្ត្រទប់ទល់រយៈពេលវែង ពីព្រោះរហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក នៅមិនទាន់មានថ្នាំបង្ការ និងទប់ស្កាត់នៅឡើយទេ ដូច្នេះយើងត្រូវដាក់ផែនការទប់ទល់រយៈពេលវែង៕ អត្ថបទ៖ ហ្សាលីន