ស្ថាប័នគ្រប់គ្រងអាហារ និងថ្នាំរបស់តៃវ៉ាន់ បញ្ជាក់ថាឆ្នាំងដាំបាយអគ្គិសនីអាចចំហុយម៉ាសប្រើរួច ដើម្បីទុកប្រើម្ដងទៀតបាន

បរទេស៖ ខណៈពិភពលោកទាំងមូលកំពុងជួបប្រទះវិបត្តិកង្វះម៉ាសប្រើប្រាស់ និងការកើនឡើងនៃតម្លៃរបស់ម៉ាស ស្ថាប័នគ្រប់គ្រងអាហារ និងថ្នាំរបស់តៃវ៉ាន់ បានជ្រើសរើសយកឆ្នាំងដាំបាយអគ្គិសនីមកចំហុយម៉ាសដែលប្រើប្រាស់ហើយសម្រាប់សម្លាប់មេរោគ ដើម្បីអាចយកមកប្រើម្ដងទៀតបាន។   

តាមការចុះផ្សាយលើ Formosa TV English News តាមនាពេលថ្មីៗនេះ បានឲ្យដឹងថា ស្ថាប័នគ្រប់គ្រងអាហារ និងថ្នាំ (FDA) របស់កោះតៃវ៉ាន់ បានធ្វើការប្រកាសនូវវិធីសាស្ត្រមួយដ៏សាមញ្ញក្នុងការសម្អាត ឬសម្លាប់មេរោគលើម៉ាសដែលប្រើរួច ដើម្បីអាចប្រើបានច្រើនដងដោយការប្រើឆ្នាំងដាំបាយអគ្គិសនី។

អគ្គនាយកស្ថាប័ន FDA របស់កោះតៃវ៉ាន់ លោក Wu Shou-mei និងប្រធានមជ្ឈមណ្ឌលបញ្ជាការការរាតត្បាតកណ្ដាល (CECC) បានធ្វើការបង្ហាញនូវវិធីក្នុងការសម្លាប់មេរោគរបស់ម៉ាសដែលប្រើរួចជាមួយនឹងឆ្នាំងដាំបាយអគ្គិសនី។

 

អ្វីដែលលោកអ្នកត្រូវធ្វើនោះគឺ យកម៉ាសដាក់ចូលក្នុងឆ្នាំងដាំបាយអគ្គិសនី ដោយមិនមានការចាក់ទឹកបន្ថែមទៅក្នុងឆ្នាំងដាំបាយនោះទេ ហើយចំហុយម៉ាសក្នុងឆ្នាំងនោះរយៈពេល 3 នាទី និងទុកឱ្យត្រជាក់រយៈពេល 5 នាទីទើបអាចយកចេញពីឆ្នាំងបាន។ វិធីនេះនឹងសម្លាប់មេរោគនៅលើម៉ាស ហើយលោកអ្នកអាចប្រើវាបានជាថ្មី។

ប៉ុន្តែ លោកអ្នកមិនត្រូវប្រើម៉ាសដែលប្រឡាក់ ឬដាច់រហែកនោះជាដាច់ខាត។ ម៉ាសដែលប្រើរួច និងមានសភាពស្អាតអាចយកមកសម្លាប់មេរោគបានពី 4 ទៅ 5 ដងក្នុងម៉ាសមួយសន្លឹក។ ទន្ទឹមនឹងនេះដែរ លោកអ្នកក៏អាចយកម៉ាសក្រណាត់មកចំហុយដើម្បីសម្លាប់មេរោគបានផងដែរ គ្រាន់តែត្រូវចំណាយពេលចំហុយយូរជាងម៉ាសប្រើម្តងបោះចោល ដោយសារតែម៉ាសក្រណាត់មានភាពក្រាស់ជាងម៉ាសដែលគេប្រើម្ដងបោះចោល។

វិធីសាស្ត្រនេះល្អជាងការប្រើថ្នាំសម្លាប់មេរោគ បាញ់លើស្រទាប់ម៉ាស ព្រោះវត្ថុរាវរបស់ថ្នាំនោះអាចបំផ្លាញស្រទាប់អេឡិចត្រុងរបស់ម៉ាស។ យោងតាមការស្រាវជ្រាវរបស់ពួកគេ វិធីសាស្ត្រនេះអាចមានប្រសិទ្ធភាពសម្លាប់មេរោគបាក់តេរីលើស្រទាប់ម៉ាសបាន 99% បន្ទាប់ពីបានចំហុយស្ងួត និងប្រើបានរហូតដល់ 5 ដង។

យ៉ាងណាមិញ ប្រសិនបើលោកអ្នកចង់សាកល្បងអនុវត្តវិធីសាស្ត្រខាងលើ សូមធ្វើការពិគ្រោះជាមួយក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (WHO) ជាមុនសិន៕

ប្រភពព័ត៌មាន៖ koreaboo & Formosa TV English News