អភិបាលស្រុកវ័យក្មេងនៅស្រុកបន្ទាយស្រី ផ្ដួចផ្ដើម«ធ្វើស្រែសមូហភាព» ដើម្បីជួយពលរដ្ឋក្រីក្រ

សៀមរាប៖ រដ្ឋបាល​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាននិងកំពុង​សាកល្បង​រៀបចំ​គម្រោង «ធ្វើស្រែ​សមូហភាព» ដើម្បី​ធ្វើជា​ប្រយោជន៍​រួមមួយ​សម្រាប់​ពលរដ្ឋ​ក្រីក្រ​ក្នុងស្រុក​នេះ ដោយ​គ្រោង​ធ្វើ​នៅលើ​ផ្ទៃដី​ស្រែ​ជិត៤០ហិកតា​នៅក្នុង​ឃុំ​ព្រះ​ដាក់ ក្នុង​គោលបំណង​ផលិត​ជា​អង្ករ​រួម​ទុក​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ​ខ្លាំង​នៅក្នុង​ស្រុក។

លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា ក្នុង​កាលៈទេសៈ​ដែល​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ១៩កំពុងតែ​ជះ​ហានិភ័យ​ទៅដល់​សេដ្ឋកិច្ច​គ្រួសារ និង​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក ជម្រើស​ល្អ​បំផុត​មួយ​គឺ​ការធានា​អោយមាន​សុវត្ថិភាព​ស្បៀងអាហារ ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ ជនពិការ និង​ចាស់ជរា ដែល​ងាយ​រង​ផលប៉ះពាល់ និង​តម្រូវអោយមាន​ការយក​ចិត្ត​ទុកដាក់​ខ្ពស់។

លោក​បន្តថា ប្រជាជន​ទាំង៣៩គ្រួសារ មកពី​ភូមិ​អូរ​ទ​ទឺង​និង​ភូមិ​ថ្នល់ទទឹង បាន​យល់ព្រម​ជាគោលការណ៍ ផ្តល់​ដីស្រែ​ជិត៤០ហិកតា​របស់​ពួកគាត់​រហូតដល់​ដំណាច់ឆ្នាំ២០២០ ជូន​រដ្ឋបាល​ស្រុក​ដំណើរការ​សាកល្បង​គម្រោង​មួយ​នេះ។ បើ​មិនមាន​អ្វី​ប្រែប្រួល​ទេ ៣ខែ​ទៀត​យើង​នឹង​អាច​ទទួលបាន​ផល​ពី«ស្រូវស្រាល​ដើមរដូវ»ជុំ​ទី១ ដើម្បី​ចែកជូន​ទៅ​ម្ចាស់​ស្រែ​វិញ​ផង (ក្នុង​ចំនួន​ប្រហាក់ប្រហែល​នឹងធ្វើ​ដោយ​ខ្លួនឯង) និង​សល់​ប៉ុន្មាន​ទុក​ចែកជូន​ប្រជាពលរដ្ឋ​គោលដៅ​ផង មុននឹង​សម្រេច​បន្ត​ជុំ​ទី២ទៀត ប្រសិនបើ​កាលៈទេសៈ​អំណោយផល។

លោក ហ្វី​ណង់ បន្ថែមថា ការធ្វើ​ស្រែ​សមូហភាព​នេះ នឹង​ប្រើប្រាស់​ធនធាន​ដែលមាន​ស្រាប់ បូករួម​នឹង​ការគៀងគរ​បន្ថែម​ពី​សប្បុរសជន តាមរយៈ​ការខ្ចី​ស្រែ​ពី​អ្នកស្រុក​ដែល​ស្ថិតនៅ​ជិត​ប្រភពទឹក​ស្រាប់ ធ្វើ​ស្រូវស្រាល​ដើមរដូវ​ដោយ​ប្រើប្រាស់​ពូជ​ថ្មី១០០ថ្ងៃ និង​ទទួលបាន​ការឧបត្ថម្ភ ពូជស្រូវ ជី ម៉ាស៊ីន​គ្រឿងចក្រ ប្រេង និង​កំលាំង​ស្ម័គ្រចិត្ត​ជួយ​ស្ទូង​និង​ច្រូត។

លោក​បញ្ជាក់ថា៖«គម្រោង​នេះ​ស្ថិតនៅក្នុង​កម្រិត​សាកល្បង​នៅឡើយ។ សង្ឃឹមថា​លទ្ធផល​ជាក់ស្តែង​នឹង​បានជា​គំរូ​យកទៅអនុវត្ត​បន្ត​ក្នុង​វិសាលភាព​ធំ​ជាង​នេះ និង​នៅ​កន្លែង​ផ្សេងទៀត​នៅក្នុង​ស្រុក ដើម្បី​ផ្តល់​ផលប្រយោជន៍​រួមរឹត​តែ​ច្រើន»៕