
ភ្នំពេញ៖ បើទោះបីស្ថានភាពស្ថានភាពមេរោគកូវីដ១៩ នៅកម្ពុជា មិនទាន់ដល់កម្រិតប្រកាសអាសន្នស្របពេលដែលរយៈពេល ៥ ថ្ងៃមកនេះកម្ពុជា គ្មានករណីឆ្លងថ្មី ខណៈចំនួនអ្នកជាសះស្បើយក៏បានកើនឡើងជាលំដាប់ គិតចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០រហូតដល់ថ្ងៃទី ១៧ ខែមេសា ក៏ពិតមែនក្ដី ប៉ុន្តែកាលពីថ្ងៃទី១៦ ម្សិលមិញនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា បានសម្រេចបន្តផ្អាកមិនឱ្យជនបរទេសមកពីប្រទេសចំនួន៦ចូលមកប្រទេសកម្ពុជា ឡើយ រហូតដល់ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ ធូរស្បើយឡើងវិញសិន។
បើតាមលិខិតរបស់ក្រសួងការបរទេស ដែលបណ្ដាញព័ត៌មាន The Plus News ទទួលបាន បានបញ្ជាក់ថាជនបរទេសដែលមកពីប្រទេស បារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងសហរដ្ឋអាម៉េរិកមិនត្រូវអនុញ្ញាតឱ្យមកកម្ពុជា នោះទេ រហូតដល់ស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ធូរស្បើយឡើងវិញ។
លិខិតដែលត្រូវបានចុះហត្ថលេខាដោយ លោក ស៊ា កុសល រដ្ឋលេខាធិការក្រសួងការបរទេស កាលនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ផ្ញើជូនទៅឯកអគ្គរាជរដ្ឋទូត អគ្គកុងស៊ុលនិងកុងស៊ុលកិត្តិយសរបស់កម្ពុជាប្រចាំនៅប្រទេស ៦ខាងលើនេះ បានឱ្យដឹងថា ក្រសួងសុខាភិបាលបានសម្រេចពន្យារសុពលភាព នៃវិធានការក្នុងការផ្អាកមិនឱ្យជនបរទេស ដែលមកពីបណ្ដាប្រទេសខាងលើចូលមកព្រះរាជាណាចក្រកម្ពុជានោះទេ។
ជាមួយគ្នានេះការផ្អាកគោលការណ៍លើកលែងទិដ្ឋាការ ការផ្តល់ទិដ្ឋាការទេសចរទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិច និងទិដ្ឋាការនៅពេលមកដល់ ក៏ដូចជាវិធានការសុខាភិបាលនានារួមទាំងតម្រូវការវិញ្ញាបនប័ត្របញ្ជាក់សុខភាព និងឯកសារធានារ៉ាប់រងសុខភាព ត្រូវស្ថិតនៅជាធរមានបន្តទៀត៕