សមត្ថកិច្ចថៃរឹបអូសទឹកអាល់កុល និងជែលលាងដៃខុសច្បាប់រាប់ពាន់លីត្រ

ខេត្តផាទុមថានី៖ នាយកដ្ឋានស៊ើបអង្កេតពិសេសរបស់ប្រទេសថៃបានចូលចាប់ និងរឹបអូសអាល់កុល និងជែលលាងដៃខុសច្បាប់រាប់ពាន់លីត្រ និងឈុតពាក់ការពារការឆ្លងមេរោគនាំចូលជាច្រើនពីឃ្លាំងត្រជាក់មួយនៅសង្កាត់ក្លងលួង កាលពីថ្ងៃសុក្រនេះ។

មន្ត្រីនាយកដ្ឋានផ្ទៃក្នុង គណៈគ្រប់គ្រងអាហារ និងថ្នាំ និងមន្ត្រីរដ្ឋាភិបាលក្នុងស្រុកជាច្រើន ដែលដឹកនាំដោយក្រុមពិសេស បានឆ្មក់ចុះចាប់នៅឃ្លាំងត្រជាក់ឈ្មោះ SK នៅតំបន់ក្លងសងដែលជាធម្មតាគេប្រើសម្រាប់ផ្ទុកផ្លែឈើសម្រាប់នាំចេញទៅលក់តែប៉ុណ្ណោះ។

នៅកន្លែងកើតហេតុ សមត្ថកិច្ចចាប់បានអាល់កុលអេទីលចំណុះ 5 លីត្រចំនួនប្រហែល 1 ម៉ឺនប៊ីដុង អាល់កុលជែលប្រហែល 3 ទៅ 5 ពាន់ដបចម្រុះម៉ាក ឈុតការពារមេរោគម៉ាក 3M ចំនួន 318ឈុត និងឈុតការពារខ្លួនដែលនាំចូលពីប្រទេសចិនចំនួន 730 ឈុត។

ទន្ទឹមនឹងនេះដែរ គេបានរកឃើញអាល់កុលអេទីលរាប់ពាន់ដបនៅក្នុងកេសផ្លែឈើ។ មន្ត្រីស៊ើបអង្កេតបានរកឃើញថា ឃ្លាំងខាងលើបាននាំចូលវត្ថុធាតុដើម ដូចជាអាល់កុល និងសម្ភារផ្សេងទៀតដែលប្រើសម្រាប់ផលិតជែលលាងដៃសុទ្ធតែមិនមានច្បាប់អនុញ្ញាត។

បច្ចុប្បន្ន ដោយសារវីរុសកូវីដ 19 កំពុងឆ្លងនៅគ្រប់ប្រទេស ក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ ធ្វើឱ្យអាជីវករមួយចំនួននាំចូលផលិតផលដែលគ្មានគុណភាព គ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងច្រើន ពិសេសនោះគឺការនិយមលក់នៅតាមអនឡាញ ដោយមិនខ្វល់ពីការប៉ះពាល់ដល់សុខភាពអ្នកប្រើទេ។ ដូចនេះ សូមបងប្អូនពិចារណា និងស្វែងយល់ពីប្រភពផលិតផលសម្អាតផ្សេងៗដូចជា អាល់កុល ឬជែលលាងដៃជាដើម ដោយជ្រើសរើសផលិតផលណាដែលមានចុះបញ្ជីកា និងទទួលស្គាល់ដោយក្រសួងសុខាភិបាលរបស់យើងតែប៉ុណ្ណោះ៕

ប្រភពព័ត៌មាន៖ បាងកកប៉ុស្តិ៍