
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាននាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងឲ្យដឹងថា ការទិញរថយន្តយោធា២៩០គ្រឿងនេះ មិនបានប្រើថវិកាជាតិសូម្បីមួយសេនឡើយ។ទន្ទឹមគ្នានេះ សម្តេចហៅក្រុមអ្នករិះគន់នោះថាជាក្រុមជនតិរច្ឆានផងដែរ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បែបនេះបានធ្វើឡើងក្នុងគ្រាដែលអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នាឪកាសនោះ សម្តេច ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាតិ ទៅទិញរថយន្តដោយមិនចាំបាច់ ខណៈសេដ្ឋកិច្ចជាតិកំពុង រងផលប៉ះពាល់ដោយសារ ជំងឺកូវីដ១៩ ។
សម្តេច បានថ្លែងបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា ទិញរថយន្តពីប្រទេសចិន ២៩០គ្រឿងនេះ ខ្ញុំបានបញ្ជាទិញយូរហើយ ពោលគឺតាំងពីពេលទឹកជំនន់ បានវាយប្រហារភូមិប្រជាជន នៅជាប់ព្រំដែនជាមួយ ប្រទេសឡាវមកម្ល៉េះ ការទិញរថយន្តទាំងនោះ មិនបានចំណាយថវិកាជាតិ មួយរៀលទេ សុំបញ្ជាក់។ ថវិកានោះបានមកពី ខ្ញុំអំពាវនាវដល់សប្បុរសជន គេជួយបន្តិចៗម្នាក់» ។
សម្តេចបង្ហាញពីមូលហេតុ ដែលនាំឲ្យមានការបញ្ជាទិញ រថយន្តពីចិនយ៉ាងដូច្នេះថា ការទិញរថយន្តយោធា២៩០គ្រឿងនេះ ផ្តើមចេញពីការបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ ហើយពេលនោះយោធភូមិភាគទី១ បានចល័តកម្លាំងជាង ១ពាន់នាក់ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ តែពេលនោះជួបការលំបាកមធ្យោបាយដឹកជញ្ជូនកម្លាំង និងដឹកជញ្ជូនប្រជាពលរដ្ឋ។
សម្តេចតេជោ បានពន្យល់មូលហេតុបន្ថែមថា «អីចឹងខ្ញុំគិតថាមិនប្រើប្រាស់ ថវិកាជាតិទេ គឺខ្ញុំប្រើចលនា សប្បុរសជននានា ដើម្បីរកវិធីបំពាក់មធ្យោបាយ ទៅថ្នាក់យុទ្ធភូមិភាគ បណ្តាកងពលនៅ ខាងលើដែលមានកងពលលេខ៩៩ របស់ក្រសួងការពារជាតិ ។ ខ្ញុំបញ្ជាក់ ថាយើងមិនបានប្រើប្រាស់ថវិការដ្ឋសូម្បី១សេន ប៉ុន្តែនយោបាយរបស់ខ្ញុំ គឺខឿនការពារប្រជាជន។អីចឹងមិនមែនជារឿងថ្មីទេ ដែលហ៊ុន សែន ធ្វើរឿងនេះជោគជ័យណាស់»។
បន្ថែមពីនេះ សម្តេចក៏តបទៅ អ្នកដែលរង់ចាំឱ្យរាជរដ្ឋាភិបាលសម្តេចដួលរលំនោះ គឺកំពុងធ្លាក់ចូលក្នុងការវង្វេងទិសដៅហើយ។ សម្តេចថា កុំមើលស្រាលរាជរដ្ឋាភិបាល និងកុំមើលស្រាលសមត្ថភាពដឹកនាំរបស់សម្តេច។ សម្តេច បញ្ជាក់ថា បើសម្តេចមិនខ្លាំងមិនអាចប្រឡូកក្នុងឆាកនយោបាយជាមួយអ្នកនយោបាយចាស់ៗបាននោះទេ។ជាងនេះទៀត សម្តេច ក៏បានថ្លែងថា បើសម្តេចមិនខ្លាំងមិនអាចប្រើអ្នកនយោបាយមួយរូបឱ្យជួយកែរដ្ឋធម្មនុញ្ញពីសំឡេង២ភាគ៣ មក ៥០បូក១បាននោះទេ៕