
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងឲ្យដឹងថា នៅថ្ងៃទី២៤ មិថុនា សម្តេចនឹងអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ប្រមាណ ៦០ម៉ឺនគ្រួសារ។
ការថ្លែងឡើងពីសំណាកប្រមុខរដ្ឋាភិបាលកម្ពុជានាពេលនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះ គ្រាដែលបានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
នាឪកាសនោះសម្តេច ហ៊ុន សែន បានបញ្ជាក់ថា ពិតណាស់ក្នុងស្ថានការដែលជំងឺឆ្លងកូវីដ-១៩កំពុងរាតត្បាតនៅទូទាំងពិភពលោកគឺបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចជាតិយើងផងដែរ។ ទន្ទឹមនឹងនោះ បងប្អូនកូនក្មួយមួយចំនួនត្រូវបានផ្អាកការងារ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមជនបទដាច់ស្រយាលមួយចំនួនក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ។
សម្តេចថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំរិះរកវិធីនានាដែលអាចធ្វើបានដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងស្ថានភាពចាំបាច់នេះ។ នៅថ្ងៃពុធទី២៤ មិថុនា ខាងមុខនេះ យើងនឹងប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការនូវ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩” ។
ហេតុនេះ សម្តេចអះអាងថា «ខ្ញុំនឹងអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ប្រមាណ ៦០ម៉ឺនគ្រួសារ នៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០២០នេះ»។
ទន្ទឹមជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ទៀតថា នៅថ្ងៃទី២៤ ខែមិថុនា រាជរដ្ឋាភិបាលនឹងបញ្ចេញថវិកាប្រមាណ២៥លានដុល្លារ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រមាណ ៦០ម៉ឺនគ្រួសារ។នាឧកាសនោះផងដែរ សម្តេចក៏សូមបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពកុំអោយឆ្លងមេរោគកូវីដ-១៩ ដោយប្រើប្រាស់ម៉ាសពាក់ការពារ ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹលសម្លាប់មេរោគ៕ អត្ថបទ៖ ពិសី