«កូវីដ-១៩ បានក្លាយជាសត្រូវឥតស្រមោលគំរាមកំហែងដល់សេដ្ឋកិច្ចកម្ពុជា»

តែក្នុងមួយប៉ព្រិចភ្នែកសោះចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងពិភពលោកគឺបានកើនជិត១០លាននាក់ទៅហើយ។ នេះគឺក្តីបារម្ភខ្លាំងបំផុតរបស់ពិភពលោកទាំងមូល។ដោយសារស្ថានភាពនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ដែលពេលនេះកំពុងគម្រាមកំហែងពិភពលោក។សម្រាប់បរិបទកម្ពុជាវិញ រោគរាតត្បាត ពីជំងឺកូវីដ-១៩នេះ ត្រូវបានភាគីពាក់ព័ន្ធចាត់ទុកថា បានក្លាយជាសត្រូវឥតស្រមោលគំរាមកំហែងដល់សេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជាផងដែរ។តើហេតុអ្វីបានជា «កូវីដ-១៩ បានក្លាយជាសត្រូវឥតស្រមោលគំរាមកំហែងដល់សេដ្ឋកិច្ចកម្ពុជា»?ដើម្បីជ្រាប់ច្បាស់សូមលោកអ្នកនាង អានអត្ថបទបទយកការណ៍ ដែលរៀបរាងដោយ អ្នកនាង សែម ពិសី ដូចតទៅ៖

COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបជាង ២០០ ហើយនៅទូទាំងសកលលោក ពោលវាបានរីកសាយភាយ ពាសពេញទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

ដោយឡែកសម្រាប់បរិបទកម្ពុជា រដ្ឋាភិបាលបានមានវិធានការទាន់ពេលវេលា និងអាចគ្រប់គ្រងបញ្ហារាតត្បាតជំងឺនេះ ដោយមិនបណ្តោយឲ្យប្រជាពលរដ្ឋកម្ពុជាណាម្នាក់បាត់បង់អាយុជីវិតនោះឡើយ។យ៉ាងណាមិញ ក្រោយពេលជំងឺរាតត្បាតជាសកលមួយនេះ បានផ្ទុះឡើង ត្រូវបានគេមើលឃើញថា មិនថាតែពិភពលោកទេដែលរងផលប៉ះពាល់ នៅកម្ពុជាវិញ មានវិស័យសំខាន់ៗមួយចំនួន ក៏បានជួបវិបត្តិដែលជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចជាតិថែមទៀត។ ក្នុងនោះវិស័យសំខាន់២ គឺវិស័យកាត់ដេរ និងវិស័យទេសចរណ៍ កំពុងប៉ះពាល់ខ្លាំងជាងគេ។

ដោយសារឧបទ្ទវហេតុនៃការរីករាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសចិន បានធ្វើឲ្យរោងចក្រផលិតវត្ថុធាតុដើម និងក្រុមហ៊ុនផ្តល់សេវាជាច្រើន បានបិទដំណើរការបណ្តោះអាសន្ន។ជាក់ស្តែង បើយោងតាមរបាយការណ៍ពីក្រសួងការងារកម្ពុជា បានឲ្យដឹងថា បញ្ហានេះ បានធ្វើឲ្យនៅកម្ពុជា មានរោងចក្រប្រមាណជាង ២០០ រោងចក្រ បាននិងកំពុងប្រឈមនឹង បញ្ហាកង្វះវត្ថុធាតុដើមនេះ ខណៈដែលមានរោងចក្រមួយចំនួន ក៏បានព្យួរការងារកម្មករផងដែរ។

ជុំវិញកូវីដ-១៩ គំរាមកំហែងដល់វិស័យកាត់ដេរនេះដែរ ស្រ្តីវ័យជិត៤០ឆ្នាំ ដែលជាកម្មកររោងចក្រមួយតាមបណ្តោយផ្លូវជាតិលេខ៣ អ្នកស្រី ភួង ថារី បាននិយាយទាំងទឹកមុខស្រង៉ូតស្រង៉ាតថា បើទោះបីកម្ពុជា មិនមានករណីស្លាប់ និងរីករាលដាលខ្លាំង ដោយសារបញ្ហាជំងឺកូវីដ-១៩ក៏ពិតមែន ក៏បញ្ហានេះកំពុងគំរាមកំហែងដល់សេដ្ឋកិច្ចគ្រួសារពលរដ្ឋខ្វះខាត។ជាក់ស្តែងអ្នកស្រីថា សព្វថ្ងៃបញ្ហានេះ បានធ្វើឲ្យរោងចក្រជាច្រើន បានប្រកាសបិទទ្វារ និងភ្យូរការងារកម្មករជាច្រើន។

ស្រ្តីកម្មកររោងចក្រដែលជាស្រ្តីមេម៉ាយ និងត្រូវរ៉ាប់រងកូន៣នាក់ក្នុងបន្ទុកទៀតនោះ ក៏បានថ្លែងបន្តថា «ត្បិតថា រោងចក្រអ្នកស្រីនៅធ្វើការធម្មតាក៏ពិតមែន តែអ្នកស្រីនៅតែមានក្តីបារម្ភ ព្រោះការបន្តអូសបន្លាយកូវីដ-១៩ នៅតែមានរយៈពេលវែង»។

ជាមួយគ្នានោះដែរ បុរសវ័យជាង៣០ឆ្នាំ មានមុខរបរជាអ្នករត់ Pass app លោក ម៉ក់ សុគន្ធ បានថ្លែងទាំងទឹកមុខពោពេញដោយក្តីកង្វល់ដែរថា កូវីដ-១៩ មក បានគំរាមកំហែងដល់សេដ្ឋកិច្ចគ្រួសារលោកជាខ្លាំង។ជាក់ស្តែង លោកធ្លាប់តែរកចំណូលបានពីការដឹកភ្ងៀវទេសចរណ៍ ពីព្រលានយន្តហោះភ្នំពេញ ក្នុងមួយថ្ងៃមិនក្រោម១០ម៉ឺនរៀលនោះទេ តែតាំងពីមានរឿងនេះថ្ងៃខ្លះមិនដល់២ម៉ឺនរៀលផង។ តែយ៉ាងណា លោកក៏កោតសរសើរ ដែលកម្ពុជាអាចគ្របគ្រងកូវីដ-១៩ បានជោគជ័យ ជាងបណ្តាប្រទេសដទៃដែរ។

ករណីនេះដែរ អគ្គនាយករងបច្ចេកទេសនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សេរីវុត្ថា ធ្លាប់បានបង្ហាញតួលេខកាលពីសន្និសីទកាសែតស្តីពីវឌ្ឍនភាពនិងទិសដៅការងារអាកាសចរណ៍ស៊ីវិលថា «ក្នុងដំណាក់កាលវិបត្តិ Covid-19 គិតត្រឹម៤ខែ ដើមឆ្នាំ២០២០ អ្នកដំណើរតាមជើងយន្តហោះមកកាន់កម្ពុជា បានថយចុះយ៉ាងគំហុក រហូតដល់ទៅជាង៩០%»។

ជុំវិញវិស័យទេសចរណ៍នេះដែរ កាលពីពេលកន្លងទៅថ្មីៗនេះ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ធ្លាប់បានឲ្យដឹងអំពីស្ថានភាពវិស័យទេសចរណ៍នៅកម្ពុជាក្នុងអំឡុងពេលផ្ទុះមេរោគកូវីដ-១៩ ដែរថា បញ្ហានេះ បានធ្វើអោយប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជា ស្របពេលដែលទេសចរជនជាតិចិនឈរលំដាប់ថ្នាក់លេខ១ ពោលគឺស្មើនឹង៣៥% នៃភ្ញៀវទេសចរសរុបក្នុងចំណោមភ្ញៀវទេសចរមកពី១១០ប្រទេស។យ៉ាងណា ឯកឧត្តមសង្ឃឹមថា ទេសចរណ៍ក្នុងស្រុកនឹងកើនឡើង។

កម្ពុជាបានរកឃើញករណីអ្នកឆ្លងជំងឺកូវីដ១៩ ដំបូងបង្អស់នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០។ ត្បិត ថា វិស័យទេសចរណ៍ និងវិស័យកាត់ដេររងផលប៉ះពាល់ខ្លាំងជាងគេក៏ពិតមែន តែបើយើងក្រឡែកមក មើលវិស័យអប់រំ ក៏រងផលប៉ះពាល់ផងដែ។ជាក់ស្តែង ដោយសារបារម្ភមានឆ្លងរាល់ដាល ជាសហគមន៍ ក្រសួងអប់រំកម្ពុជា ក៏បានប្រកាសឲ្យផ្អាកដំណើរការសិក្សាតាមសាលារៀននៅទូទាំងប្រទេសផងដែរ។

បើយើងក្រឡេកទៅមើល វិស័យសំណង់កម្ពុជា ក្រោយមានកូវីដ-១៩ ពោលបើគិតត្រឹមខែមីនា ដើមឆ្នាំ២០២០ គម្រោងស្នើសុំសាងសង់បានកើនរហូតចំនួន៥២៣គម្រោង។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៩ មានត្រឹមជាង៣០០គម្រោង ហើយទុនវិនិយោគក៏បានកើនឡើងទ្វេដង។នេះបើតាមការអះអាងរបស់ លោក សេង ឡូត មន្រ្តីនាំពាក្យនៃក្រសួងរៀបចំដែនដីកម្ពុជា។យ៉ាងណាមិញមន្រ្តីរូបនេះ ក៏បានទទួលស្គាល់ដែរថា វិស័យសំណងកម្ពុជាក្រោយកូវីដ-១៩ ក៏បានថយចុះអ្នកវិនិយោគបរទេសផងដែរ ពិសេសអ្នកវិនិយោគគិនចិន។

ដោយឡែក ចំពោះវិស័យកសិកម្មវិញ បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា បើទោះបីជាកម្ពុជាកំពុងត្រូវជួបប្រឈមនឹងបញ្ហារីករាលដាលនៃបញ្ហា Covid-19 យ៉ាងក្ដី ប៉ុន្ដែ បើមើលទៅលើការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា នៅក្នុងរយៈពេល ៣ខែ ដំបូង នៅឆ្នាំ២០២០នេះ សម្រេចបានការនាំចេញប្រមាណ១,៣ លានតោន។

ជាការពិតណាស់ វត្តមានសត្រូវឥតស្រមោលកូវីដ-១៩ ដែលរហូតមកពេលនេះមិនទាន់ត្រូវបានអង្គការសុខភាពពិភពលោកប្រកាសរកឃើញវ៉ាកសាំងផ្លូវការនៅឡើយ។ កម្ពុជា ជុំវិញវិបិត្តនេះ ទោះបីជា មិនមានរបាយការណ៍ច្បាស់លាស់ណាមួយបង្ហាញពីចំនួនខាតបង់ជាថវិការពីវិបត្តិនេះ ប៉ុន្តែនាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០២០នេះថា នឹងថយចុះ-១.៩% ប៉ុន្តែនឹងកើនឡើងវិញនៅឆ្នាំ២០២១ ក្នុងអត្រា៣.៥%។

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ក៏បានទទួលស្គាល់ថា កូវីដ-១៩ គឺជាសត្រូវឥតស្រមោល ហើយជះឥទ្ធិពលមកក្នុងបរិបទកម្ពុជា ដែលបានវាយប្រហារខ្លាំងបំផុត ដូចជា អាជីវកម្ម បដិសណ្ឋារកិច្ច និងទេសចរណ៍ ហើយអាជីវកម្មខ្នាតតូចមួយចំនួនកំពុងប្រឈមបញ្ហាហិរញ្ញវត្ថុជាដើម។

ជាងនេះទៀត សម្តេចបន្តថា «ពិតណាស់ក្នុងស្ថានការដែលជំងឺឆ្លងកូវីដ-១៩កំពុងរាតត្បាតនៅទូទាំងពិភពលោកគឺបានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងមកលើសេដ្ឋកិច្ចជាតិយើងផងដែរ។ ទន្ទឹមនឹងនោះ បងប្អូនកូនក្មួយមួយចំនួនត្រូវបានផ្អាកការងារ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមជនបទដាច់ស្រយាលមួយចំនួនក៏កំពុងជួបប្រទះការខ្វះខាតម្ហូបអាហារ»។

ជារួមមក ចាប់តាំងពីពេលដែលកម្ពុជា ប្រឈមមុខនឹងជំងឺរាតត្បាតនេះមក ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន មានការប្តេជ្ញាចិត្តខ្ពស់ ហើយមានវិធានការច្បាស់លាស់ជាបន្តបន្ទាប់ប្រកបដោយប្រសិទ្ធភាព។វិធានការនេះ ត្រូវបានសម្តេចអះអាងថា ធ្វើឡើងក្នុងគោលការពារសុវត្ថិភាពអាយុជីវីតពលរដ្ឋកម្ពុជា។

ការដាក់ចេញវិធានការ និងការប្តេជ្ងាប្រើកណ្តាប់ដៃដែកប្រឆាំងកូវីដ-១៩ រហូតមកនេះ ប្រមុខរដ្ឋាភិបាល បានបង្ហាញទំនុកចិត្តយ៉ាងមុតមាំថា កម្ពុជានឹងអាចយកឈ្នះ “សត្រូវឥតស្រមោល កូវីឌ ១៩» ហើយសេដ្ឋកិច្ចកម្ពុជានឹងត្រឡប់មកស្ថានភាពល្អប្រសើរឡើងវិញ៕ អត្ថបទ៖ សែម ពិសី