
កំពង់ស្ពឺ៖មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ គ្រោងបង្កើតផ្ទះស្នាក់កម្សាន្តនៅរមណីយដ្ឋានទេទឹកពុះ ដើម្បីទាក់ទាញ
ភ្ញៀវទេសចរឲ្យមកកម្សាន្តសប្បាយនៅតំបន់នេះឲ្យកាន់តែច្រើនតាមរយៈមានសេវាកម្មផ្ទះស្នាក់នៅត្រឹមត្រូវ ។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកម្ពុជា។
ជុំវិញគម្រោងបង្កើតផ្ទះស្នាក់នេះ លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ការរៀបចំឲ្យមានផ្ទះស្នាក់នៅនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរដែលមានបំណងចង់ស្នាក់នៅកម្សាន្តក្នុងរមណីយដ្ឋាននេះ។
លោកថា« ដោយសាររមណីយដ្ឋានទេទឹកពុះ មានទឹកក្តៅបែបធម្មជាតិដោយគ្រាន់តែត្រាំទឹក អាចព្យាបាលជំងឺជាច្រើនមុខ ដូចជាជំងឺសើស្បែក កន្តួលរមាស់ ជំងឺលើសឈាម ទឹកនោមផ្អែមជាដើម ដែលនេះជាជំនឿមានតាំងពីបុរាណមកម្លេះ» ។
ម្យ៉ាងទៀតលោកបានបន្តថា បច្ចុប្បន្ននេះ រមណីយដ្ឋានទេទឹកពុះមានត្រឹមតែកញ្ចុះសម្រាប់អង្គុយលេងបរិភោគអាហារ និងទីតាំងទឹកក្តៅធម្មជាតិតែប៉ុណ្ណោះ ដែលធ្វើឲ្យចំនួនភ្ញៀវទេសចរនៅមានកម្រិតនៅឡើយ ។លោកឲ្យដឹងទៀតថា គម្រោងនេះមានការចូលរួមសហការពីអាជ្ញាធរពាក់ព័ន្ធជុំវិញខេត្ត ដោយមានបែបចែកទៅមានជំនាញនីមួយៗ ។
លោកបញ្ជាក់យ៉ាងដូច្នេះថា «មន្ទីរមានគម្រោងរៀបចំសហគមន៍នេះធ្វើឲ្យមាន Home stay ដែលហៅថាផ្ទះស្នាក់នៅ និងមានកន្លែងហូបឆ្ងាញ់ៗ ហើយការរៀបចំនេះ គឺយើងមានការសហការជាមួយមន្ទីរជាច្រើន ពាក់ព័ន្ធជាមួយនឹងមន្ទីរបរិស្ថាន មន្ទីរអភិវឌ្ឍន៍ជនបទ ដោយមន្ទីរអភិវឌ្ឍន៍ជនបទ គាត់ស្ថាបនាផ្នែកបន្ទប់ទឹកអនាម័យ កុំឲ្យមានការបន្ទោរបង់ពាសវាលពាសកាល ហើយអាជ្ញាធរស្រុកអាជ្ញាធរខេត្តនេះ ក៏មានភារកិច្ចមួយ ដែលគេហៅថា អភិវឌ្ឍន៍ផ្លូវ ហើយផ្លូវឥឡូវនេះធំហើយ ប៉ុន្តែនៅហុយនៅឡើយ» ។
សូមបញ្ជាក់ថា រមណីយដ្ឋាន« ទេទឹកពុះ»មានទីតាំងស្ថិតនៅភូមិពុទ្រា ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាកន្លែងទេសចរមួយមានប្រវត្តិនិងដំណាលរឿងព្រេងរបស់សេដ្ឋីម្នាក់មានទ្រព្យស្តុកស្តុម្ភ តែបែរជាខ្លាចបែកទ្រព្យសម្បត្តិរបស់ខ្លួន ដោយបានឱ្យកូនបង្កើតយកគ្នាជាប្តីប្រពន្ធ ហើយក៏ត្រូវព្រះធរណីស្រូបយក ហើយក្រោយមកទីនោះក៏ក្លាយជាទឹកពុះ រហូតមកដល់បច្ចុប្បន្ន៕