វត្តព្រះធាតុបាស្រី នៅខេត្តត្បូងឃ្មុំ នឹងក្លាយទៅជារមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រនាថ្ងៃខាងមុខនេះ

វត្តព្រះធាតុបាស្រី ដែលស្ថិតនៅក្នុងភូមិព្រះធាតុ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ គឺជាកន្លែងស័ក្ដិសិទ្ធិ ហើយវត្តដែរមានអាយុកាលដ៏ចំណាស់។បច្ចុប្បន្នវត្តនេះ ត្រូវបានមន្ទីទេសចរណ៍ខេត្តត្បូងឃ្មុំ បានកំពុងរៀបចំអោយក្លាយទៅជារមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រនាថ្ងៃខាងមុខនេះ។នេះបើយោងតាមការចុះផ្សាយពីទំព័រហ្វេសប៊ុក វត្តព្រះធាតុបាស្រី កាលពីពេលថ្មីៗនេះ។

ពាក់ព័ន្ធនឹងដំណឹងដែលមន្ទីទេសចរណ៍ខេត្តត្បូងឃ្មុំ បានកំពុងរៀបចំអោយក្លាយទៅជារមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រនាថ្ងៃខាងមុខនេះ ភិក្ខុ ភា ឡៃហ៊ាង គង់នៅវត្ត ដំរិល ឃុំ ដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានសម្តែងក្តីសារទរ និងបង្ហាញការគាំទ្រឲ្យវត្តនេះក្លាយជារមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រនាថ្ងៃខាងមុខនេះ។ភិក្ខុរូបនេះអះអាងថា ប្រាសាទបុរាណមួយ អាយុកាលជាង១ពាន់ឆ្នាំ ដែលស្ថិតនៅវត្តព្រះធាតុបាស្រី ភូមិព្រះធាតុ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅបង្កប់ភាពអាថ៌កំបាំង ដែលដូនតាខ្មែរបានបន្សល់ទុក ហើយកូនខ្មែរត្រូវតែស្វែងយល់។

ព្រះតេជគុណ កែវ យ៉េន ព្រះចៅអធិការវត្តព្រះធាតុបាស្រី ធ្លាប់មានសង្ឃដីកាប្រាប់ប្រព័ន្ធផ្សព្វក្នុង​ស្រុកថា៖ “ក្នុងវត្តនេះពីមុនមានប្រាសាទបុរាណមួយ សាងសង់តាំងពីសម័យមុនអង្គរ ប៉ុន្តែគ្មានអ្នកណាស្គាល់ឈ្មោះប្រាសាទច្បាស់ ហើយក៏មិនបានដឹងថា ស្ដេចអង្គណាជាអ្នកសាងសង់ដែរ។ ក្រោយមក មានតាម្នាក់ឈ្មោះតាសៅ បានសាងសង់ប្រាសាទថ្មីពីលើប្រាសាទចាស់ ខណៈនៅក្រោមប្រាសាទគេជឿថា មានរបស់ស័ក្ដិសិទ្ធិ និងរបស់មានតម្លៃជាច្រើន។ ប្រាសាទថ្មី មានអាយុកាលរាប់រយឆ្នាំមកហើយដែរ ខណៈចាស់ៗ ក៏មិនបានដឹងពីប្រវត្តិច្បាស់ដូចគ្នា”។

គេហៈទំព័រ The Plus News មិនអាចទាក់ទងទៅមន្ទីទេសចរណ៍ខេត្តត្បូងឃ្មុំ ដើម្បីដឹងពី​ព័ត៌មាន​បន្ថែម ជុំវិញរឿងដែលមន្ទីបានកំពុងរៀបចំអោយក្លាយទៅជារមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រនាថ្ងៃខាងមុខនេះ ថាតើនៅថ្ងៃណាច្បាស់លាស់បាននៅឡើយ នៅថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០២០នេះ។

ប៉ុន្តែបើតាមឯកសាររបស់មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅខាងមុខវត្តព្រះធាតុបាស្រី អមសងខាងផ្លូវចូល មានគ្រឹះប្រាសាទបុរាណចំនួន២ ដែលសាងសង់ពីថ្មបាយក្រៀម ហើយនៅផ្នែកខាងស្តាំដៃ គេហៅថាវិហារគុក និងផ្នែកខាងឆ្វេងដៃហៅថា វិហារព្រះនិពាន្ត។ ចំណែកនៅក្នុងបរិវេណវត្ត មានប្រាសាទបុរាណមួយ កសាងឡើងអំពីថ្មភក់ក្នុងឆ្នាំ៩៨៣ នៃគ្រឹស្តសករាជ(១០៣៣ឆ្នាំ រហូតដល់បច្ចុប្បន្ន) សង់រាងការ៉េមានទំហំ ១៥X១៥ម៉ែត្រ កម្ពស់៣៣ម៉ែត្រ។ វិសាលភាពប្រាសាទពីលិចទៅកើតប្រវែង ១២៥០ម៉ែត្រ ពីត្បូងទៅជើងប្រវែង ៣០០ម៉ែត្រ៕