ផ្ទះសសរ ១០០ ដែលមានអាយុកាលជាង ២០០ឆ្នាំ ត្រូវបានអាជ្ញាធររុះរើ ដោយគ្រោងសាងសង់ឡើងវិញ

ក្រចេះ: អាជ្ញាធរ​ខេត្តក្រចេះ គ្រោង​សាងសង់​ផ្ទះ​សសរ១០០ឡើងវិញ​នៅពេលឆាប់ៗនេះ​នៅក្នុង​បរិវេណ​វិហារ​បុរាណ​វត្តរ​ការ​កណ្តាល ស្ថិតនៅ​ក្រុង​ក្រចេះ ខណៈ​អាជ្ញាធរ​កំពុង​រុះរើ​ពី​ទីតាំង​ចាស់​នៅ​ភូមិ​កោះ​កណ្ដុរ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ ក្រោយពី​ម្ចាស់ផ្ទះ​ស្នើសុំ​រុះរើ ដើម្បី​យក​ដី​បែងចែក​ឲ្យកូន។

សេចក្ដីជូនដំណឹង​រប​ស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ​ចុះ​ថ្ងៃទី ២៤ ខែមិថុនា​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួលដំណឹង​ពី​ម្ចាស់ផ្ទះ ស្នើសុំ​រុះរើ​ផ្ទះ​សសរ១០០ ដែល​កំពុង​ស្ថិតនៅក្នុង​សភាព​ទ្រុឌទ្រោម ខ្វះ​លទ្ធភាព​ជួសជុល ហើយ​ម្យ៉ាង​ចង់យក​ដី​ទៅ​ចែក​ឲ្យកូនៗរបស់គាត់។ អាជ្ញាធរ​ចម្រុះ​ខេត្តក្រចេះ ដឹកនាំ​ដោយ​លោកស្រី ខាំ សុភាព អភិបាលរង​ខេត្តក្រចេះ រដ្ឋបាល​ស្រុក​ឆ្លូង និង​មន្ទីរ​ពាក់ព័ន្ធ​នានា បាន​ចុះ​សម្របសម្រួល​ជាមួយ​ម្ចាស់ផ្ទះ ដើម្បី​ស្នើសុំ​ម្ចាស់ផ្ទះ​ឲ្យ​បរិច្ចាគ​សំណង់​បុរាណ​នេះ​ជូន​ខេត្ត​ថែរក្សា​ទុកជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ និង​សម្រាប់ក្មេងៗជំនាន់​ក្រោយ​បាន​ស្គាល់។

សេចក្ដីជូនដំណឹង​បន្តថា ក្រោយ​បាន​ចរចារ​ជាច្រើនលើក​រួចមក នៅ​ថ្ងៃទី ០៥ខែឧសភា​ឆ្នាំ២០២០ ម្ចាស់ផ្ទះ​បាន​យល់ព្រម​បរិច្ចាគ​ផ្ទះ​ជូន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នូវ​តម្លៃតបស្នង​ចំនួន ៨ពាន់​ដុល្លារ​អាមេរិក។ ដោយ​ក្រសួង​បាន​ខិតខំ​ស្វះ​ស្វែងរក​ថវិកា ដើម្បី​ដោះស្រាយ​ជាមួយ​ម្ចាស់ផ្ទះ ដោយឡែក​ម្ចាស់ផ្ទះ​បាន​រំអុក​ស្នើសុំ​ឲ្យ​ក្រសួង​ចុះ​រុះរើ​ផ្ទះ​ជាបន្ទាន់ បើ​មិន​ដូច្នេះ​ទេ គាត់​នឹង​ប្ដូរ​ចិត្ត​ឈប់​ប្រគល់​ផ្ទះ​សសរ១០០នេះ​ជូន​ដល់​ក្រសួង​ថែរក្សា​វិញ។

សេចក្ដីជូនដំណឹង​បន្ថែមថា នៅ​ថ្ងៃទី ២០ ខែមិថុនា​នេះ ក្រុម​ជាង​បានចាប់ផ្ដើម​រុះរើ​ដំបូលផ្ទះ​ដែល​ការរុះរើ​នេះ​នឹងត្រូវ​ចំណាយពេល​ប្រមាណ​ជា ១០ថ្ងៃ។ ក្រោយ​ការរុះរើ​បាន ២ថ្ងៃ ចាប់ផ្ដើម​មាន​ព័ត៌មាន​ជាច្រើន​បានធ្វើការ​ផ្សព្វផ្សាយ​ក្នុង​ចេតនា​បំផ្លើសការពិត​អំពី​គោលបំណង​នៃ​ការរុះរើ​ផ្ទះ​សសរ១០០នេះ។

មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តក្រចេះ​បញ្ជាក់ថា ការរុះរើ​នេះ​មិនមែនជា​ការបំផ្លាញ​ឡើយ ប៉ុន្ដែ​ជាការ​រុះរើ​មួយ​ដែលមាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ ហើយ​មានការ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​បុរាណ​វិទូ ស្ថាបត្យករ និង​វិស្វករ​ជំនាញ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ។ គោលបំណង​ចម្បង​នៃ​ការរុះរើ គឺ​បញ្ជៀ​ស​ការខូចខាត​គ្រឿង​ឈើ​ឲ្យ​បាន​តិចតួច​បំផុត ព្រោះ​ក្រសួង​មានបំណង​យក​សំណង់​នេះ​ទៅ​សាងសង់​ឡើងវិញ​នៅក្នុង​បរិ​វេទ​វត្តរ​ការ​កណ្ដាល ស្ថិតនៅ​ក្រុង​ក្រចេះ​ដែលជា​ទីតាំង​សំណង់​វត្ត​បុរាណ​ដ៏​ល្បីល្បាញ​មួយ​របស់​ខេត្ត និង​ថ្នាក់ជាតិ។ សំណង់ផ្ទះ​សសរ១០០ នឹងមិន​បាត់បង់​ទៅណា​ឡើយ ត្បិត​ក្រោយ​ការសាងសង់ និង​ជួសជុល​ឡើងវិញ ផ្ទះ​នេះ​នឹង​ក្លាយជា​ទៅ​សារមន្ទីរ និង​ជាម​រតក​សំណង់​បុរាណ​ខ្មែរ​ដ៏​មានតម្លៃ​សម្រាប់​ជា​ប្រយោជន៍​ដល់​កូនចៅ​ជំនាន់​ក្រោយ​បាន​ចូល​ទស្សនា និង​សិក្សា​ស្រាវជ្រាវ។

ម្ចាស់ផ្ទះ​សសរ១០០ ដែល​ស្ថិតនៅ​ភូមិ​កោះ​កណ្ដុរ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ​នៅ​ថ្ងៃទី ២៤ ខែមិថុនា​នេះ The Plus News មិនទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​បានទេ។

គួររំឭកថា ផ្ទះ​សសរ១០០ ស្ថិតនៅ​ភូមិ​កណ្តុរ ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្តក្រចេះ បានចាប់ផ្តើម​រុះរើ​កាលពី​ថ្ងៃ២១ ខែមិថុនា កន្លងទៅនេះ ក្រោយពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​សម្របសម្រួល​ជាមួយ​ម្ចាស់ផ្ទះ ដោយបាន​ប្រគល់​ថវិកា​ចំនួន ៨ពាន់​ដុល្លារ​ទៅ​ឲ្យ​ម្ចាស់ផ្ទះ ដើម្បី​ធ្វើការ​រុះរើ​ផ្ទះ​បុរាណ​នេះ ទៅធ្វើ​ការសាងសង់​ឡើង​វិញ។

ផ្ទះ​បុរាណ​សសរ១០០នេះ មាន​អាយុកាល​ជាង ២០០ឆ្នាំ ដែល​កាលពីដើម​ផ្ទះ​បុរាណ​នេះ មាន​ឈើ​ប្រណីត​ចំនួន ១០០ដើម ប៉ុន្តែ​កាលពី​សម័យ​ប៉ុល ពត បាន​រុះរើ​ល្វែង​មុខ នឹង​ល្វែង​វែង​ក្រោយ​អស់​ខ្លះ ហើយ​មកដល់​សព្វថ្ងៃនេះ នៅសល់​ត្រឹម ៤០ដើម​ប៉ុណ្ណោះ៕