អាជ្ងាធរភ្នំពេញ គ្រោងដាំឈើប្រណិតៗ ជិត ២ ពាន់ដើម នៅអមសងខាងផ្លូវ ២១៧

ភ្នំពេញ៖ ដើម្បីបរិស្ថានបៃតងជាចំណែកមួយនៃសោភណភាពសម្រស់របស់រាជធានីភ្នំពេញ និងអុកស៊ីហ្សែនខ្យល់ដង្ហើមដ៏ល្អសម្រាប់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវនោះ ឆាប់ៗនេះរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមកូនឈើប្រណិតៗ ប្រមាណជាជិត ២០០០ដើម ដើម្បីដាំនៅតាមខាងបណ្ដោយផ្លូវលេខ២១៧ ហៅផ្លូវចំកាដូង ក្នុងខណ្ឌដង្កោ។

ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការរៀបចំផែនការ និងបែកចែកភារកិច្ចក្នុងការដាំដើមឈើក្នុងរាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់​ឱ្យដឹងថា៖ ដើម្បីចូលរួមចំណែកកាត់បន្ថយជាតិពុលក្នុងបរិយាកាស រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាំដើមឈើប្រភេទធ្នង់ នៅអមសងខាងផ្លូវ២១៧ ចាប់ពីភ្លើងស្ដុបចំការដូង រហូតដល់រង្វង់មូលនាងគួរស្រូវ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកបានបញ្ជាក់ថា «ប្រភេទដើមឈើដែលត្រូវដាំ ជាប្រភេទឈើប្រណិត ដោយដាំអមសងខាងផ្លូវ ចន្លោះពីគ្នាប្រមាណ៨ម៉ែត្រ ហើយតាមគម្រោង ដើមឈើដែលត្រូវដាំនៅតាមបណ្តោយផ្លូវនេះ មានប្រមាណ១៨៤០ដើម លើចំងាយផ្លូវប្រវែង៧គីឡូម៉ែត្រសងខាង (ស្មើ ១៤គីឡូម៉ែត្រ)។យ៉ាងណាការដាំដើមឈើលម្អផ្លូវ ត្រូវតែមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានអមសងខាងផ្លូវ ក្នុងការចូលរួមដាំ មើលថែ និងថែទាំឱ្យដើមឈើលូតលាស់បានល្អ»

ជាមួយគ្នានោះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានធ្វើការណែនាំទៅដល់អាជ្ញាធរខណ្ឌ មន្ទីរកសិកម្ម មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី និងក្រុមហ៊ុនទទួលម៉ៅការ ក្នុងការដាំដើមឈើនេះ ត្រូវចុះធ្វើការសិក្សាទីតាំងដែលត្រូវដាំ និងធ្វើវេទិកាសាធារណៈដើម្បីបង្ហាញពីគោលបំណងរបស់រដ្ឋបាលរាជធានីភ្នំពេញ និងសូមឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ២១៧ ចូលរួមសហការនិងថែទាំដើមឈើដែលបានដាំ នៅមុខផ្ទះរបស់ពួកគាត់ឱ្យបានល្អ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ បានដាំដើមឈើប្រណិតៗ នៅតាមបណ្តោយផ្លូវ ៦០ម៉ែត្រ( មហាវិថីសម្ដេចតេជោហ៊ុន សែន)ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ បានចំនួន ១៥០០០ ដើម ហើយនៅតាមដងផ្លូវសាធារណៈនៅក្នុងមូលដ្ឋានខណ្ឌទួលគោក បានចំនួន៣០០ដើម នៅក្នុងមូលដ្ឋានខណ្ឌកំបូល បានដាំរួចមានចំនួន៥០០ដើម និងនៅគល់ស្ពានជ្រោយចង្វារត្រើយខាងលិចក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញមានចំនួន ៣០០ដើម ។ សម្រាប់ដើមឈើដែលបានដាំតាំងពីមុននៅក្នុងរាជធានីភ្នំពេញមានសរុបប្រមាណជាង ៥ម៉ឺនដើម៕