អាជ្ញាធរ និងអង្គការ WCS កំពុងធ្វើការរួមគ្នាទប់ស្កាត់ការចាប់ និងការជួញដូរសត្វអណ្តើកហ្លូង

អង្គការ WCS បានទទួល​អណ្តើក​ហ្លួង​ចំនួន​ពីរ​ក្បាល (ញី​មួយ​ក្បាល​ទម្ងន់ ២០គីឡូក្រាម និង​ឈ្មោល​មួយ​ក្បាល​ទម្ងន់ ១៥គីឡូក្រាម) ដែលជា​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ​បំផុត ពី​ក្រសួងបរិស្ថាន ដើម្បី​យកទៅ​លែង​ចូលក្នុង​ទីជម្រក​ធម្មជាតិ​វិញ។

អណ្តើក​ទាំងពីរ​ក្បាល​នេះ ត្រូវ​ឈ្មួញ​ចាប់​យកមក​លក់​នៅ​ម្តុំ​គល់ស្ពាន​ស្រែអំបិល ខេត្តកោះកុង និង​ត្រូវបាន​លោកស្រី ឡាយ ផុន​ថេ​ង ធ្វើដំណើរ​កម្សាន្ត​ឆ្លងកាត់​ទៅកាន់​ខេត្តកោះកុង នាំយកមក​ប្រគល់ជូន​ក្រសួងបរិស្ថាន។

បន្ទាប់ពី​បាន​ផ្ទៀងផ្ទាត់​មើល​លេខ​សម្គាល់​អត្តសញ្ញាណ​នៅលើ​បន្ទះ​ឈី​ប (Micro chip)ដែល​បាន​បង្កប់​នៅក្នុង​ជើង​ខាងស្តាំ​របស់​វា​មក អង្គការ WCS បាន​បញ្ជាក់ថា អណ្តើក​ហ្លួង​ទាំងពីរ​នេះ​ត្រូវបាន​អង្គការ WCS សហការ​ជាមួយ​រដ្ឋបាល​ជលផល យកទៅ​ចិញ្ចឹម​ថែទាំ​នៅក្នុង​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​ខេត្តកោះកុង ដោយ​អណ្តើក​ឈ្មោល​បានកើត​ក្នុង​ខែឧសភា ឆ្នាំ២០០៦ និង​អណ្តើ​កញី​បានកើត​ក្នុង​ខែឧសភា ឆ្នាំ២០១០ និង​បាន​លែង​វា​ចូលទៅក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​វិញ ដោយ​អណ្តើក​ឈ្មោល​បាន​លែង​នៅក្នុង​ខែកក្កដា ឆ្នាំ២០១៥ និង​អណ្តើ​កញី​បាន​លែង​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ២០១។

ជាងនេះទៀត ទាំង​អា​ជ្ងា​ធរ និង​អង្គការ WCS និង​ដៃគូ​ជាច្រើន​កំពុងធ្វើការ​រួមគ្នា​ដើម្បី​ទប់ស្កាត់​ការចាប់ និង​ការជួញដូរ​ខុសច្បាប់​នូវ​ប្រភេទ​អណ្តើក​ជិត​ផុត​ពូជ​នានា​ក្រោម​គម្រោង «ដៃគូ​ប្រយុទ្ធប្រឆាំង​បទល្មើស​សត្វព្រៃ​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប»។

ពិធី​ប្រគល់-ទទួល​ដែល​បានរៀបចំ​ឡើង កាលពី​ព្រឹក​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ត្រូវបាន​រៀបចំឡើង​ក្រោម​អធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន៕