ឥណ្ឌាមានករណីអ្នកឆ្លងវីរុសកូវីដ 19 ដល់ទៅជាង 5 សែនករណី

កាលពីថ្ងៃសៅរ៍ ទី 27 រដ្ឋាភិបាលឥណ្ឌាបានប្រកាសឱ្យដឹងពីតួលេខអ្នកឆ្លងវីរុសកូវីដ 19 ដែលមានចំនួនកើនដល់ទៅជាង 5 សែនករណី។

អាជ្ញាធរក្នុងស្រុកបាននិយាយថា នៅក្នុងចំណោមអ្នកឆ្លងវីរុសជាង 5 សែននាក់នោះ មានមនុស្ស 15685 នាក់បានស្លាប់បាត់បង់ជីវិត។ ជាមួយគ្នានេះដែរ ក្រុមអ្នកជំនាញបាននិយាយថា ករណីអ្នកឆ្លងវីរុសរាតត្បាតនេះអាចនឹងកើនដល់ 1 លានករណីមុននឹងដាច់ខែកក្កដាខាងមុខនេះ។ ទន្ទឹមនឹងនេះផងដែរ រដ្ឋាភិបាលនៅរដ្ឋមួយចំនួនកំពុងពិចារណាលើការបង្កើតការចាក់សោតំបន់។ គួរបញ្ជាក់ផងដែរថា ការចាក់សោប្រទេសមិនមានឱ្យនរណាចេញក្រៅបានដែលចាប់ផ្ដើមតាំងពីថ្ងៃទី 25 មីនានោះកំពុងបន្ធូរបន្ថយខ្លះដោយសារតែមានផលប៉ះពាល់ដល់សេដ្ឋកិច្ច។

វីរុសផ្លូវដង្ហើមស្រួចស្រាវដ៏កំណាចនេះបានបង្កផលប៉ះពាល់ដល់ប្រទេសឥណ្ឌាយ៉ាងខ្លាំង ហើយវាបានក្លាយជាបញ្ហាចោទសម្រាប់ទីក្រុង New Delhi បន្ទាប់ពីចំនួននៃអ្នកឆ្លងវីរុសបានកើនឡើងជិត 8 ម៉ឺនករណីលើសទីក្រុង Mumbai ទៅទៀត។

រដ្ឋាភិបាលទីក្រុងនេះបានធ្វើការទស្សទាយថាចំនួនអ្នកឆ្លងនឹងមានចំនួន 5 សែននាក់នៅចុងខែកក្កដា។ ទីក្រុងនេះបានប្រើរថភ្លើងដើម្បីដាក់អ្នកជំងឺ និងយកសណ្ឋាគារ និងសាលជប់លៀងដើម្បីបន្ថយសម្ពាធលើមន្ទីរពេទ្យ។

យ៉ាងណាមិញ រដ្ឋាភិបាលកំពុងរងការរិះគន់ចំពោះកង្វះខាតការធ្វើតេស្ដ ដែលអ្នកជំនាញនិយាយថាវាអាចលាក់ចំនួនករណីនៃអ្នកឆ្លងជាក់ស្ដែងនៅឥណ្ដា ដោយបច្ចុប្បន្ន ចំនួនអ្នកឆ្លងកើនដល់ 50900 ករណី។

គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌានេះស្ថិតនៅលំដាប់ទី 4 លើពិភពលោកសម្រាប់ប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនបន្ទាប់ពីសហរដ្ឋអាមេរិក ប្រេស៊ីល និងរុស្សីបើទោះបីជាប្រទេសនេះមានចំនួនអ្នកស្លាប់តិចជាងក៏ដោយ៕

ប្រភព៖ Corporate Dispatch