តើអ្នកគួរបង្រៀនកូនៗអ្វីខ្លះពីបំនិនជីវិត?

នៅក្នុងពិភពដែលមានការផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស វិធីចិញ្ចឹមកូនៗនឹងក្លាយជាបញ្ហាខុសប្លែកគ្នាពីវិធីដែលឪពុកម្ដាយយើងចិញ្ចឹមយើង។ អ្វីដែលខុសប្លែកគ្នាច្រើនអាចទាក់ទងនឹងតម្រូវការក្នុងការរៀបចំអនាគតក្មេងជំនាន់ក្រោយសម្រាប់រស់នៅក្នុងពិភពលោកថាមវន្ដ និងសាកលភាវូបនីយកម្មជាងមុន។


ក្នុងពន្លឺនៃអនាគតបែបថាមវន្ដ និងមិនអាចទាយបាននោះ លោកអ្នកត្រូវឱ្យកូនៗមានជំនាញសំខាន់ខាងក្រោមទាំង ៥ ដើម្បីឱ្យពួកគេត្រៀមខ្លួនរួចជាស្រេចទោះបីជាពួកគេមានវ័យនៅតូចៗក៏ដោយ។

1. វិធីគ្រប់គ្រងលុយកាក់
ដោយផ្អែកលើអាយុរបស់កូនអ្នក អ្នកចាំបាច់ត្រូវមានជំនាញ ៣ សម្រាប់បង្ហាញពួកគេក្នុងការគ្រប់គ្រងលុយដូចជា សន្សំ រក និងចំណាយ។

ជាទូទៅ មានអ្នកជំនាញខាងហិរញ្ញវត្ថុបានណែនាំថាអ្នកគួរតែឱ្យកូនៗមានទំនួលខុសត្រូវលើហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ចូរឱ្យពួកគេសិក្សាពីផលវិបាកដែលពួកគេទទួលបានប្រសិនបើពួកគេចាយលុយលើសកម្រិតក្នុងពេលឥឡូវ ដើម្បីឱ្យពួកគេជៀសវាងក្នុងការចាយលុយខុសក្នុងឆ្នាំបន្ទាប់ដើម្បីឱ្យពួកគេយកលុយដែលនៅសល់ពីការចាយវាយប្រាក់ប្រចាំរបស់ពួកគេសន្សំសម្រាប់ដំណើរកម្សាន្តចុងឆ្នាំ ដែលនេះមានន័យថា ពួកគេក៏ចូលរួមចំណែកក្នុងការផ្ដល់ការចំណាយក្នុងដំណើរកម្សាន្ត។

2. វិធីដោះស្រាយជាមួយនឹងភាពតានតឹង (stress)
ភាពតានតឹងមិនមែនសុទ្ធតែអាក្រក់នោះទេ។ មានភាពតានតឹងខ្លះបានដើរតួជាអ្នកជម្រុញទឹកចិត្តក្នុងការសម្រេចភាពជោគជ័យ។ ពេលដែលអ្នកគ្រប់គ្រងវាមិនបានត្រឹមត្រូវ ភាពតានតឹងអាចនាំមកនូវផលអវិជ្ជមាន។

អ្នកគួរតែណែនាំកូនៗឱ្យចេះហាត់ប្រាណ និងទទួលទានអាហារផ្ដល់នូវសុខភាពល្អដើម្បីឱ្យពួកគេមានសមត្ថភាពតបតនឹងភាពតានតឹង។ ត្រូវព្យាយាមផ្ដល់ឧទាហរណ៍នៃគំនិតដ៏វិជ្ជមានជានិច្ច ព្រោះចុងក្រោយ អ្វីៗនឹងមានភាពល្អឡើងវិញ ហើយបើទោះបីជាគ្មានការបញ្ចប់ដ៏ល្អតាមការគិតនោះ ក៏មិនមែនជាថ្ងៃបញ្ចប់នៃពិភពលោកដែរ។

3. វិធីសម្របនឹងការផ្លាស់ប្ដូរ
នៅក្នុងពិភពដែលមានការផ្លាស់ប្ដូររហូតនោះ ការផ្លាស់ប្ដូរដូចជាមានតែការប្រឈមនឹងការរីកលូតលាស់របស់កូនៗតែប៉ុណ្ណោះ។ តើយើងគួររៀបចំពួកគេយ៉ាងណាដើម្បីឱ្យពួកគេសម្របខ្លួនបាននៅក្នុងពិភពលោកដែលមានការផ្លាស់ប្ដូរឥតឈប់ឈរនេះ?

ចម្លើយគឺសាមញ្ញបំផុត នោះគឺការដឹកនាំដោយឧទាហរណ៍។ ជាឧទាហរណ៍ ពេលដែលមានកាលវិភាគត្រូវផ្លាស់ប្ដូរដោយជៀសមិនរួចកើតឡើង ត្រូវឱ្យកូនៗបង្ហាញវត្តមានក្នុងកម្មវិធីនោះ។ មិនត្រូវប្រតិកម្មហួសហេតុទេពេលកាលវិភាគកិច្ចការប៉ះពាល់ដល់គម្រោងប្រចាំថ្ងៃនោះ។ គេអាចបង្ហាញភាពខកចិត្តបាន តែត្រូវតែរកដំណោះស្រាយជាដាច់ខាត។ ឧទាហរណ៍ អ្នកអាចនិយាយទៅកាន់កូនៗថា “ម៉ាក់អត់សូវសប្បាយចិត្តសោះដែលពិធីជប់លៀងត្រូវបានរំសាយ ហើយម៉ាក់ដឹងថាពួកយើងសុទ្ធតែរង់ចាំចូលរួមកម្មវិធីនោះ។ ចឹងពួកយើងមើលតុក្កតា ឬទៅលេងទោងបានទេ?” ការផ្ដល់នូវជម្រើសដល់ពួកគេក្នុងការជ្រើសរើសអាចអភិវឌ្ឍវិន័យ និងភាពបត់បែនតាមកាលៈទេសៈ។

ក្នុងនាមជាឪពុកម្ដាយ យើងអាចផ្ដល់ភាពងាយស្រួលសម្រាប់កូនៗក្នុងការសម្របនឹងការផ្លាស់ប្ដូរ។ ជំនួសពីការជជែកវែកញែកពីអ្វីដែលកើតឡើងខុសពីការគ្រោងទុក ដោយទទួលយកនូវអ្វីដែលជាការពិត និងត្រូវចងចាំជានិច្ចក្នុងការធ្វើជាគំរូថាវាគ្មានអ្វីកើតឡើងទេពេលដែលគម្រោងត្រូវបានផ្លាស់ប្ដូរ។ វាគឺជាការឆ្លើយតបរបស់យើងក្នុងការផ្លាស់ប្ដូរដើម្បីកំណត់ពីភាពរីករាយ និងសុភមង្គលរបស់យើង។

4. វិធីបង្កើតនូវជម្រើសដ៏ត្រឹមត្រូវ
ដូចជំនាញដែលយើងបានរៀបរាប់ខាងលើ កុមារអាចជ្រើសរើសយកនូវទម្លាប់ជាអចិន្ត្រៃយ៍ដោយធ្វើចុះធ្វើឡើងពីអ្វីដែលពួកគេសង្កេតក្នុងពេលកំពុងលូតលាស់។ ទម្លាប់ទាំងនេះក៏អាចទាក់ទងនឹងការញ៉ាំអាហារដែលផ្ដល់នូវសុខភាពល្អ និងការបង្កើតការសម្រេចចិត្តដ៏ត្រឹមត្រូវ។

ប្រសិនបើកូនអ្នកឃើញអ្នកកំពុងកាន់ធុងការ៉េមទៅញ៉ាំដើម្បីកាត់បន្ថយភាពតានតឹង វានឹងផ្ដល់គំរូដល់កូនអ្នកដើម្បីធ្វើរឿងដូចគ្នា។ ដូច្នេះ យើងត្រូវតែមានការប្រុងប្រយ័ត្នសម្រាប់ខ្លួនយើងផង និងសម្រាប់កូនយើងផង។ ដើម្បីបង្កើតនូវជម្រើសអាហារដ៏មានសុខភាពល្អដូចជាការញ៉ាំផ្លែឈើជាជាងការញ៉ាំនំឃុកឃី។ ទម្លាប់ទាំងនេះនឹងផ្ដល់សញ្ញាថាផ្លែឈើស្រស់ៗមានឥទ្ធិពលល្អសម្រាប់រាងកាយ។ សរុបមក នេះជាទម្លាប់ល្អបំផុតក្នុងការចាប់ផ្ដើមទទួលទានអាហារដែលផ្ដល់នូវសុខភាពល្អកាន់តែក្មេង កាន់តែល្អ។

5. វិធីទទួលយកនូវភាពខុសប្លែកគ្នា
កុមារម្នាក់ៗតែងមានការលូតលាស់ក្នុងតំបន់ផ្សេងគ្នា ដែលធ្វើឱ្យពួកគេមានរូបរាង ពណ៌សម្បុរ និងទម្លាប់ខុសគ្នា ដែលអាចផ្ដល់នូវភាពមិនសូវមិនចុះសម្រុងគ្នា ឬក៏បង្កើតជាភាពភ័យខ្លាចភ្ញាក់ផ្អើលនៅពេលចាប់ផ្ដើមធ្វើការប្រាស្រ័យទាក់ទងគ្នា។

ការបង្ហាញកូនៗតាំងពីតូចពីមនុស្សជុំវិញខ្លួន មិនថាពួកគេមានសាសនាអ្វី ឬក៏មានសញ្ជាតិអ្វី និងវប្បធម៌បែបណានោះទេ។ អ្នកត្រូវរំឭកពួកគេពីសារសំខាន់នៃការបើកចិត្តទូលាយជានិច្ច។ មិនមែនគ្រាន់តែមនុស្សម្នាក់ដែលមានជំនឿខុសពីយើង មានន័យថាពួកគេខុសនោះឡើយ។ អ្នកត្រូវបង្ហាញពួកគេនូវភាពខុសប្លែកគ្នាដែលអាច និងគួរតែប្រព្រឹត្តយ៉ាងដូចម្ដេច។ ភាពខុសប្លែកគ្នា គឺជាអ្វីដែលធ្វើឱ្យជីវិតមានភាពស្រស់ស្អាត។


វាប្រហែលជាពិបាកដើម្បីឱ្យជំនាញសំខាន់ៗទាំងនោះអាចឱ្យកូនៗរបស់យើងត្រូវប្រើក្នុងជីវិតរបស់ពួកគេ ដោយយើងអាចព្យាយាមឱ្យអស់ពីសមត្ថភាពក្នុងការជំរុញពួកគេឱ្យចេះគ្រប់គ្រងជីវិតដែលមិនអាចទាយបាន និងដំណើរជីវិតដ៏ស្រស់ស្អាតនាពេលអនាគត៕

អត្ថបទដើម៖ Essential Life Skills to Impart Your Child