
(ភ្នំពេញ)៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យកាស៊ីណូនៅកម្ពុជាអាចបើកទ្វារដំណើរការឡើងវិញ តែត្រូវទៅជួបជាមួយក្រសួងសុខាភិបាល ដើម្បីបំពេញនូវលក្ខខណ្ឌសុខាភិបាលក្នុងការបង្ការការរីករាលដាលជំងឺកូវីដ១៩។ ដំណើរការនេះគឺសម្រាប់តែល្បែងភ្នាល់ និងស្លុតម៉ាស៊ីនប៉ុណ្ណោះ។
ការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ។
ជុំវិញការលើកឡើងនេះ បើតាមលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់លើទំព័រ Facebook យ៉ាងដូច្នេះថា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអនុញ្ញាតដល់កាស៊ីណូមានលទ្ធភាពបើកប្រតិបត្តិការអាជីវកម្មសារជាថ្មីវិញ ក៏ប៉ុន្តែមានល្បែងភ្នាល់ និងស្លុតម៉ាស៊ីនតែប៉ុណ្ណោះ។ កាស៊ីណូទាំងអស់នោះ ត្រូវស្នើសុំឱ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល ដែលមានភ្ជាប់លក្ខខណ្ឌតម្រូវមួយចំនួន នៃវិធានការការពារជាមួយជំងឺកូវីដ-១៩»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ។ការប្រកាសបិទ កាស៊ីណូនៅទូទាំងប្រទេស កន្លងទៅនេះត្រូវបាន សម្តេច ហ៊ុន សែន អះអាងថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ហើយកមិនមែនធ្វើតាមការបញ្ជា ឬលើកឡើងរបស់បុគ្គលណាម្នាក់នោះទេ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃ០២ ខែមិថុនា ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៤១នាក់។ ប៉ុន្តែអ្នកជំងឺសរុប ១៣១នាក់ហើយ ត្រូវបានព្យាបាលឱ្យជាសះស្បើយ នៅសល់តែ១០នាក់ទៀតប៉ុណ្ណោះកំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីកងទ័ពអាវសដ៏អង់អាចរបស់កម្ពុជា៕