លោក វង សូត៖ គ្រួសាររងគ្រោះដោយកូវីដ១៩ ត្រូវមានបណ្ណសមធម៌ ដោយឈរលើកម្រិតក្រីក្រទើបអាចបើកប្រាក់ឧបត្ថម្ភបាន

លោក វង សូត រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ឲ្យដឹងថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភនេះ គ្រួសារក្រីក្រ និងងាយរងគ្រោះ ត្រូវមានបណ្ឌសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រ កម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) និងបានទៅផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅសាលាឃុំ សង្កាត់ណាមួយ។


ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងសន្និសីទព័ត៌មាន ស្តីពីវឌ្ឍនភាព បញ្ហាប្រឈម ភាពមិនប្រក្រតី និងការតវ៉ាមួយចំនួន លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងកំលុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលរៀបចំធ្វើឡើងនាទីស្តីការក្រសួងសង្គមកិច្ច កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ។


ក្នុងសន្និសីទព័ត៌មាននេះដែរ រដ្ឋមន្រ្តី វង សូត ក៏បានអំពាវនាវដល់មន្រ្តីភូមិឃុំ បើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ប្រកបដោយតម្លាភាព និងហាមធ្វើខុសគោលការណ៍ផងដែរ។ជាងនេះទៀត លោកក៏បានលើកឡើងថា បើបងប្អូនប្រព្រឹត្តអ្វីដែលខុសគោលការណ៍ បងប្អូនត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ហើយ។ លោកក៏អំពាវនាវដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះដែលខកខាន មិនបានបើកសាច់ប្រាក់ ប្រញាប់មកបើកប្រាក់ឧបត្ថម្ភផងដែរ។


គួរជម្រាប់ជូនថា ចំពោះបណ្ឌសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ៖ ក្រ កម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ)នេះដែរ។កាលពីពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការឧបត្ថម្ភសាច់ប្រាក់នេះនឹងត្រូវផ្តល់ជូនទៅតាមប្រភេទគ្រួសារក្រីក្រ និងងាយរងគ្រោះ។ ការឧបត្ថម្ភសាច់ប្រាក់នេះ កំណត់ដូចខាងក្រោម៖

ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ
* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។
* «សម្រាប់បណ្ណ ក្រ-២»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ
* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល)សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។
* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

ទី៣៖ តំបន់ជនបទ
* «សម្រាប់បណ្ណ ក្រ១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍។

* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ១៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍។

ជុំកម្មវិធីផ្តល់សាច់ប្រាក់ដល់ពលរដ្ឋក្រី និងរងគ្រោះដោយកូវីដ-១៩ នេះដែរ សម្តេច ហ៊ុន សែន ក៏ធ្លាប់បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងនោះឡើយ ប្រសិនបើរកឃើញភាពមិនប្រក្រតី លើការអនុវត្តន៍ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ១៩ ជាពិសេសការឃុបឃិតគ្នា ដាក់សាច់ញាតិខ្លួន ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ៕