ក្រសួងអប់រំ គ្រោងបើកសាលារៀនឡើងវិញ ប៉ុន្ដែបើកជា ៣ដំណាក់កាលផ្សេងៗគ្នា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅសប្តាហ៍ក្រោយ គ្រោងនឹងប្រកាសជូនដំណឹងអំពីដំណើរការបើកសាលារៀនឡើងវិញ ដោយនឹងបើកជា ៣ដំណាក់កាលផ្សេងៗគ្នា បន្ទាប់ពីប្រកាសបិទមួយរយៈដោយសារតែជំងឺ COVID-19។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបាន Fresh News ដកស្រង់សំដីនៅថ្ងៃទី ០៣ ខែកក្កដានេះថា ការបើកដំណើរការសាលារៀនឡើងវិញនេះ នឹងធ្វើឡើងជា ៣ដំណាក់កាលផ្សេងៗគ្នា ដោយដំណាក់កាលទី១-សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់, ដំណាក់កាលទី២- សាលារៀនមានស្តង់ដាមធ្យម និងដំណាក់កាលទី៣- សាលារៀនមានស្តង់ដាអប្បបរមា។

លោកបន្តថា សម្រាប់ដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិភាក្សាលើវិធានការសុខុមាលភាព និងកត្តាសង្គម-សេដ្ឋកិច្ច។ នាពេលខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងជម្រាបសាធារណៈជនពីកាលបរិច្ឆេទ និងវិធានការចាំបាច់នានាសម្រាប់ដំណាក់កាលទី១។

លោក រស់ សុវាចា បានបន្ថែមថា ចំណែកឯដំណាក់កាលទី២ និងដំណាក់កាលទី៣ ចំណុះឲ្យដំណាក់កាលទី១ ក្រសួងអប់រំ យុវជន និងកីឡា នឹងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ លើដំណាក់កាលទី១ រួចនឹងបន្តពិនិត្យករណីដំណាក់កាលទី២ និងដំណាក់កាលទី៣ យោងលើផែនការដែលក្រសួងបានរៀបចំជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។
គិតត្រឹមថ្ងៃ០២ ខែកក្កដា ឆ្នាំ២០២០ នៅកម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុប ១៤១នាក់ ប៉ុន្តែអ្នកជំងឺសរុប ១៣១នាក់ហើយ ត្រូវបានព្យាបាលឲ្យជាសះស្បើយ នៅសល់តែ១០នាក់ទៀតប៉ុណ្ណោះ កំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុត ពីកងទ័ពអាវសដ៏អង់អាចរបស់កម្ពុជា៕