
បាត់ដំបង៖ ភ្នំ៥៣គឺជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយ ដែលស្ថិតនៅលើភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាប់និងព្រំដែនកម្ពុជា- ថៃ កំពុងមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលបាននាំគ្នាទៅលេងកម្សាន្តមិនចេះដាច់ មិនថាថ្ងៃធម្មតា ថ្ងៃបុណ្យទាន និងថ្ងៃឈប់សម្រាកផ្សេងៗនោះទេ ហើយចំណុចដែលទាក់ទាញបំផុតនៅតំបន់នេះ គឺជាជ្រោះទឹកធ្លាក់ធម្មជាតិ និងទេសភាពដ៏សែមមនោមរម្យគួរឲ្យចង់គយគន់គ្រប់រដូវកាល ។
យើងអាចធ្វើដំណើរ ពីក្រុងបាត់ដំបងចេញតាមផ្លូវបវេលត្រង់ផ្លូវបំបែកថ្មគោលដែលមានចម្ងាយប្រហែល ១៣២គ.ម ឬក៏យើងអាចធ្វើដំណើរកាត់តាមខេត្តប៉ៃលិន ដែលមានចម្ងាយប្រមាណ ១៥៥គ.ម តាមផ្លូវក្រវ៉ាត់ព្រំដែនត្រង់ចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង នោះយើងនឹងឃើញមានស្លាកសញ្ញាទឹកធ្លាក់៥៣ នៅខាងឆ្វេងដៃ ចូលទៅដល់ទីតាំងភ្នំ៥៣ ត្រឹមតែជាង២គីឡូម៉ែត្រទៀតតែប៉ុណ្ណោះ នឹងទៅដល់ទីតាំងភ្នំ៥៣ ។
លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ភ្ញៀវទេសចរដែលបានមកលេងកម្សាន្ត នៅទឹកធ្លាក់ជ្រោះភ្នំ៥៣នេះ អាចងូតទឹកលេងកម្សាន្ត អាចគយគន់នូវទេសភាពធម្មជាតិយ៉ាងស្រស់ត្រកាលព័ទ្ធជុំវិញទៅដោយជ្រលងភ្នំជាច្រើន។ លោកបានបន្តថា មន្ទីរទេសចរណ៍ បានចុះណែនាំដល់ប្រជាពលរដ្ឋនៅតំបន់នោះ ធ្វើយ៉ាងណាត្រូវបម្រើសេវាកម្មទេសចរណ៍ប្រកបដោយគុណភាពខ្ពស់ ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកកម្សាន្តកាន់តែច្រើន។ ក្នុងនោះ អាជ្ញាធរ បានដាក់កម្លាំងការពារសុខសុវត្ថិភាពជូនភ្ញៀវទេសចរ ដើម្បីបង្ការការការពារនូវគ្រោះថ្នាក់ណាមួយជាយថាហេតុ ។
ប្រជាពលរដ្ឋនៅតំបន់នោះក៏ដូចជាអាជ្ញាធរបានដាក់កម្លាំង ការពារសុវត្ថិភាពភ្ញៀវ ព្រោះកន្លែងនោះគឺជាតំបន់គ្រោះថ្នាក់ អញ្ចឹងត្រូវដាក់របាការពារ និងត្រូវមានអ្នកមើលឲ្យបានត្រឹមត្រូវ នៅកន្លែងងូត ជៀសវាងគ្រោះថ្នាក់ណាមួយកើតមានឡើង ធ្វើអោយប៉ះពាល់ដល់អាយុជីវិត, ទី២គឺធ្វើកិច្ចសហការរវាងម្ចាស់ដី ដើម្បីឲ្យគាត់ទទួលបានផលប្រយោជន៍ឱ្យបានសមស្របនៅក្នុងតំបន់នេះ ទី៣ត្រុវបានណែនាំឲ្យអាជ្ញាធរភូមិឃុំនៅទីនោះ ត្រូវរៀបចំផ្លូវចូលឱ្យបានធំទូលាយ ដើម្បីបញ្ចៀសឡាន និងទីតាំងចំណតឲ្យបានត្រឹមត្រូវ និងទី៤ជំរុញឲ្យមានការរៀបចំទៅជារមណីយដ្ឋានទេសចរណ៍ ឱ្យមានកន្លែងអង្គុយសមរម្យ មានសួនលម្អ មានផ្ទះស្នាក់ដើម្បីផ្តិតយកនូវទេសភាពយ៉ាងស្រស់ស្អាតនាព្រឹកព្រលឹម ហើយនៅតំបន់នេះថ្ងៃអនាគតនិងក្លាយទៅជាតំបន់ដ៏ទាក់ទាញមួយរបស់ខេត្ត។
លោកប្រធាមន្ទីរបានបញ្ជាក់ទៀតថាបច្នុប្បន្ននេះប្រជាពលរដ្ឋដែលបម្រើសេវាកម្មទេសចរណ៍ អាចរកប្រាក់ចំណូលបានខ្ពស់ ពីការលក់កសិផល ដែលបានដាំក្នុងចំការរបស់ខ្លួន ដែលធ្វើឲ្យពួកគាត់កាន់តែមានជីវភាពធូរធារជាងមុន ៕