
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់សារជាថ្មីដល់មន្ត្រី អ្នកមានអំណាច និងអ្នកមានទ្រព្យធនស្តុកស្តម្ភទាំងឡាយ ល្មមចេះឆ្អែត និងចេះគ្រប់គ្រាន់ ហើយឈប់ធ្វើបាបប្រជាពលរដ្ឋតទៅទៀត ជៀសវាងកើតមានទោសទណ្ឌធ្ងន់ធ្ងប្រសិនបើរកឃើញថា បានឆ្លៀតឱកាសពីការបែងចែកនឹងទទួលដីធ្លីរបស់រដ្ឋ។
សម្ដេច ហ៊ុន សែន បានបញ្ជាក់តាមរយៈបណ្តាញទំនាក់ទំនងផ្លូវការកាលពីចុងសប្ដាហ៍នេះ ដោយសង្កត់ធ្ងន់ និងបញ្ជាទៅកាន់ក្រសួងចំនួន៣ត្រូវកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ ប៉ុន្តែប្រាកដថា មិនមានមន្ត្រីចុះអនុវត្តបំពានដីរដ្ឋនោះទេ។
ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានបញ្ជាក់ច្បាស់ នៅចំនុចសំខាន់ៗ ចំនួន៣ ដូច្នេះថា៖
១) ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋដូចបញ្ជាក់ខាងលើ គឺហាមកាប់ឆ្ការទន្ទ្រានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាតជាដាច់ខាត។ កន្លងមក បានសង្កេតឃើញមានតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើនប្រើអ្នកតូចតាចអោយទៅកាប់រុករានទន្ទ្រានយកដីអោយខ្លួន។ រីឯចំពោះក្រុមជនខិលខូចដែលទៅទន្ទ្រានយកដីរដ្ឋក្នុងមួយយប់ធ្វើបានខ្ទមពី ១០-២០ ប៉ុន្តែបានកំណត់អត្តសញ្ញាណ និងមុខសញ្ញារួចអស់ហើយ។ បើរកឃើញថាអ្នកទាំងនោះបានប្រព្រឹត្តិមែននោះគឺនឹងត្រូវចាប់ខ្លួន។
២) ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើអោយបានហ្មត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ ។ ក្នុងករណីរកឃើញថាបានចូលរួមបំពានការណែនាំ គឺនឹងត្រូវទទួលទោសជាកំហិត។
៣) ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០ភាគរយ ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកអុស និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម។
កាលពីថ្ងៃសុក្រ ចុងសប្ដាហ៍កន្លងទៅនេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាទៅក្រសួងចំនួន៣ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី អោយកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ៕