
ភ្នំពេញ៖ ត្រលប់ទៅកាលពី ១២ ឆ្នាំមុន ថ្ងៃនេះ ជាថ្ងៃដែលកម្ពុជា បានដាក់បញ្ចូល ប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (០៧ កក្កដាឆ្នាំ២០០៨-០៧ កក្កដា ឆ្នាំ២០២០) បន្ទាប់ពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
នៅថ្ងៃដ៏ពិសេសនេះ នៅលើផេកផ្លូវការ សម្ដេចតេជោបានសរសេរថា អបអរសាទរ ខួប ១២ ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដោយសម្ដេចតេជោ បានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។
សម្តេចតេជោបានលើកឡើងថា ព្រះវិហារ ប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។
គួរបញ្ជាក់ដែរថា ប្រាសាទព្រះវិហារ ស្ថិតនៅលើភ្នំដងរែក មានកម្ពស់៦២៥ម៉ែត្រ ធៀបផ្ទៃទឹកសមុទ្រ ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយប្រហែល១០០គីឡូម៉ែត្រ ខាងជើងទីក្រុងព្រះវិហារ និងប្រមាណ២៣០គីឡូម៉ែត្រ ភាគឦសាន នៃក្រុងសៀមរាប និងប្រមាណ៤១៤គីឡូម៉ែត្រ ភាគខាងជើងរាជធានីភ្នំពេញ៕