
ភ្នំពេញ: អគ្គស្នងការនគរបាលជាតិនាយឧត្តសេនីយ៍ នេត សាវឿន បានលើកឡើងនៅថ្ងៃទី ០៧ខែកក្កដានេះថា មន្រ្តីនគរបាលចរាចរណ៍ម្នាក់ៗទទួលបានប្រាក់រង្វាន់លើកទឹកចិត្តប្រមាណជាង ២លានរៀលពីការផាកពិន័យចំពោះអ្នកមិនគោរពច្បាប់ចរាចរណ៍សម្រាប់នៅរាជធានីភ្នំពេញ និងមន្រ្តីនគរបាលចរាចរណ៍តាមបណ្តាលខេត្តបានប្រមាណ ២០ម៉ឺនរៀល។
លោកនាយឧត្តសេនីយ៍ នេត សាវឿន បានថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ថា ថវិកាដែលនគរបាលចរាចរណ៍ផ្លូវគោកផាកពិន័យ ៥ភាគរយ ត្រូវចូលរដ្ឋនោះ មិនបានចូលរដ្ឋនោះទេ ដោយសារតែថវិកាទាំងនោះ ត្រូវបានយកមកបោះពុម្ពឯកសារបម្រើកិច្ចការនគរបាលដដែល។
លោកបញ្ជាក់ថា៖«ខ្ញុំបានបូកសរុបមើលកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកដែលអនុវត្តន៍ផ្ទាល់ទទួលបានថវិកាផាកពិន័យដែលប្រាក់រង្វាន់នោះប្រមាណ ២០ម៉ឺនរៀលនៅតាមបណ្តាខេត្ត ហើយនៅភ្នំពេញក្នុងមួយនាក់ ២លានរៀល ចំណែកប្រាក់ទទួលបានតិចជាងគេគឺនៅខេត្តតាកែវ»។
លោកបានបន្ដថា ទោះបីជា មានការប្រជុំជាច្រើនរវាងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាមួយសង្គមស៊ីវិលជាច្រើនលើកក្តី តែចំពោះការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គឺសកម្មភាពអនុវត្តន៍ច្បាប់របស់នគរបាល និងការអនុវត្តការផាកពិន័យនៅតែធ្វើជាធម្មតាដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរ។ ចំពោះនគរបាលចរាចរណ៍អនុវត្តន៍ច្បាប់ចរាចរណ៍មិនប្រក្រតី នឹងត្រូវយកច្បាប់ បទ បញ្ញត្តិមកអនុវត្តន៍ហើយ។ “គ្មានអ្វីជារង្វាន់ដល់ប៉ូលីសនោះទេ ព្រោះពិភពលោកគេធ្វើ គឺធ្វើយ៉ាងណាប្រាក់រង្វាន់បានដល់ដៃគាត់ ហើយបច្ចុប្បន្ននេះមិនចាំបាច់និយាយច្រើនទេ រកឃើញកន្លែងណាមួយមិនអនុវត្តន៍បានត្រឹមត្រូវយកច្បាប់ និងវិន័យទៅអនុវត្តន៍តែម្តង”។
តាមរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាទី១ ឆ្នាំ២០២០ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការពិនិត្យអនុវត្តន៍ច្បាប់ប្រចាំឆមាទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានត្រួតពិនិត្យយានយន្ដសរុបចំនួន ៩៨៧,០០៣ គ្រឿង ក្នុងនោះម៉ូតូចំនួន៦១ភាគរយ ហើយបានរកឃើញយានយន្ដល្មើស និងពិន័យចំនួន ២៣៤,១១៤ គ្រឿង ស្មើនឹង ២៤ ភាគរយ ក្នុងនោះម៉ូតូចំនួន ៦៥ភាគរយ។
ដោយឡែកការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៦ អនក្រ.បក រយៈពេល២ខែ(ឧសភា-មិថុនា ឆ្នាំ២០២០) បានធ្វើការពិន័យសរុបចំនួន ៨៣,៣៨៦ ករណី ក្នុងនោះម៉ូតូចំនួន ៦១,០២២ គ្រឿង ស្មើ ៧៣ ភាគរយ និងរថយន្ដចំនួន ២២,៣៦៤ ករណី ស្មើ ២៧ភាគរយ។ ការអនុវត្តការបង់ប្រាក់ពិន័យតាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដែលបានកំណត់ទទួលបានប្រាក់ពិន័យចំនួន ១២,៥០១,១៨៥,០០០រៀល ក្នុងនោះ មិនទាន់បង់ប្រាក់ពិន័យចំនួន ២០ភាគរយ៕