
ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល បានលើកឡើងនៅថ្ងៃទី ០៧ ខែកក្កដានេះថា អាជ្ញាធរពាក់ព័ន្ធបាននិងកំពុងបំពាក់ កាមេរ៉ាតាមដងផ្លូវសំខាន់ៗមួយចំនួន ដើម្បីចាប់រថយន្តដែលបើកបរលើសល្បឿនកម្រិតកំណត់ដោយច្បាប់និងការរំលោភច្បាប់ចរាចរណ៍ ក្នុងការពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់។
លោក ស៊ុន ចាន់ថុល បានថ្លែងនៅថ្ងៃទី ០៧ ខែកក្កដានៅក្រសួងមហាផ្ទៃថា ទិសដៅការងារបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក៏ដូចជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកគឺបន្តយុទ្ធនាការចែកមួកសុវត្ថិភាព បំពាក់ផ្លាកសញ្ញាសុវត្ថិភាព បិទចំណាំងផ្លាត ជួសជុលនិងថែទាំផ្លូវ និងគំនិតផ្តួចផ្តើមនានាដើម្បី កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។
លោកបានគូសបញ្ជាក់អំពីវិធានការមួយចំនួនរួមមាន ការបំពាក់ កាមេរ៉ាតាមដងផ្លូវ ដើម្បីចាប់រថយន្តដែលបើកបរលើសល្បឿនកម្រិតកំណត់ដោយច្បាប់និងការរំលោភ ច្បាប់ចរាចរណ៍ ការល្បាតឆ្មក់ពេលយប់នៅតាមដងផ្លូវ វិធានការបិទយានដ្ឋានកែច្នៃយានយន្តខុស លក្ខណៈបច្ចេកទេសឱ្យអស់នៅដំណាច់ឆ្នាំនេះ ដើម្បីពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងរួមចំណែក ដល់ការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមយ៉ាង សកម្មក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយអនុវត្តច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន យកយានយន្ត របស់ខ្លួនទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឲ្យបានទៀងទាត់។ ជាពិសេសសូមកុំខ្លាចប៉ូលិស ត្រូវខ្លាច ច្បាប់ និងខ្លាចសេចក្ដីស្លាប់ខ្លួនឯង ទើបមិនមានគ្រោះថ្នាក់កើតឡើង។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យដឹងថា៖ នៅក្នុង ឆមាសទី១ ឆ្នាំ២០២០ កន្លងទៅនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន១៦១៩លើក ប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០១៩កន្លងទៅ គ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ៥៥២លើក ស្មើនឹង២៥ភាគរយ ស្លាប់ថយចុះចំនួន១៧២នាក់ ស្មើនឹង១៧ភាគរយ និងរបួសថយចុះចំនួន ៧៧៨ នាក់ ស្មើនឹង២៤ភាគរយ៕