តុលាការឃុំខ្លួនឧកញ៉ាម្នាក់ និងអភិបាលរងខេត្តបាត់ដំបងម្នាក់ពាក់ព័ន្ធពុករលួយរឿងដីធ្លី

ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក អ៊ឹម វណ្ណ: នៅថ្ងៃទី០៧ ខែកក្កដានេះ បានចេញដីការបង្គាប់ឲ្យឃុំខ្លួនលោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ដាក់ពន្ធនាគារជាបណ្តោះអាសន្នដែលជាប់ពាក់ព័ន្ធករណីពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោក គុជ គឹមឡុង អ្នកនាំពាក្យស្ថាប័នអយ្យការសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា លោក ស៊ូ អារ៉ាហ្វាត់ ត្រូវបានតំណាងអយុ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក សឿន មុន្នីរ័ត្ន ចោទប្រកាន់ចំនួន ៣បទល្មើស រួមមាន បទបំផ្លាញដោយចេតនា បទគៃបំបាត់ដោយទុច្ចរិត និងបទស៊ីសំណូក។

លោកបន្តថា ចំណែកលោកឧកញ៉ា សង ថន ត្រូវបានចោទប្រកាន់ចំនួន ២បទល្មើសរួមមាន បទផ្តើមគំនិតគិត ក្នុងបទបំផ្លាញដោយចេតនា និងគេងបំបាត់ដោយទុច្ចរិត។

លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង និងឧកញ៉ា សង ថន ដែលជាឈ្មួញដីធ្លីម្នាក់ ត្រូវបានសមត្ថកិច្ចអង្គភាពប្រឆាំងអំពើពុករលួយនាំទៅកាន់ស្នាក់ការរបស់ខ្លួននៅរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លី នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយត្រូវបាន Fresh News ដកស្រង់សំដីថា៖«គាត់(លោក ស៊ូ អារ៉ាហ្វាត់)ធ្លាប់ជាប្រធានគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡនេះតែម្តង»។ លោក ឱម យ៉ិនទៀង បានជឿជាក់ថា ករណីនេះជាករណីតែមួយ ជាមួយករណីឧកញ៉ា សង ថន ដែល ACU បានឃាត់ខ្លួនកាលពីពេលថ្មីៗនេះ។

ដោយឡែក លោកឧកញ៉ា សង ថន ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយក៏បាននាំខ្លួន មកសាកសួរកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងករណីពុករលួយរឿងដីធ្លីធំនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបងនេះដែរ។ លោកថា ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបន្តឹងរបស់ប្រជាពលរដ្ឋ ខណៈដែលឧកញ៉ានេះ មានដីប្រមាណ ៥ពាន់ហិកតា ដែលស្មើនឹង ១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡទាំងមូល៕