
ក្រសួងពលកម្មរបស់ជប៉ុនបានឱ្យដឹងថា និយោជិត/ពលករចំនួនជាង 3 ម៉ឺន 2 ពាន់នាក់ត្រូវបានបញ្ឈប់ការងារដោយថៅកែរបស់ពួកគេ ឬក៏ពេលដែលពួកគេត្រូវដល់ថ្ងៃបញ្ចប់កិច្ចសន្យាការងារដោយមិនមានការបន្តជាថ្មីក្នុងអំឡុងពេលនៃវិបត្តិជំងឺឆ្លងកូវីដ 19។
មន្រ្តីរបស់ក្រសួងបានរាប់ចំនួននិយោជិត/ពលករតាំងពីចុងខែមករារហូតដល់ថ្ងៃសុក្រសប្ដាហ៍មុន គឺមានចំនួន 32348 នាក់។ ចំនួននិយោជិត/ពលករប្រហែល 4000 នាក់ផ្សេងទៀតត្រូវបានបន្ថែមកាលពីសប្ដាហ៍មុន។ ចំនួននៃនិយោជិត/ពលករបាត់បង់ការងារនេះត្រូវបានយកចេញពីភ្នាក់ងាររើសនិយោជិតជុំវិញប្រទេស និងតាមប្រភពផ្សេងទៀត។
ក្នុងចំណោមនោះ និយោជិត/ពលករចំនួន 5966 បានបម្រើការងារនៅសណ្ឋាគារ និងកន្លែងស្នាក់នៅ ចំនួន 5672 បានបម្រើការងារនៅផ្នែកផលិតកម្ម និង 4408 បានបម្រើការងារនៅតាមបារ និងភោជនីយដ្ឋាននានា។
ចំណែកឯចំនួនននិយោជិត/ពលករសរុប 11789 ផ្សេងទៀត បានធ្វើការដោយមិនទៀងទាត់ ដូចជា បុគ្គលិកក្រៅម៉ោង និងបុគ្គលិកបណ្ដោះអាសន្នដែលបានបាត់បង់ការងាររបស់ពួកគេចាប់តាំងពីចុងខែឧសភាមកពេលដែលក្រសួងចាប់ផ្ដើមរៀបចំបូកបញ្ចូលទិន្នន័យការងារ។
ទន្ទឹមនឹងនេះដែរ ក្រសួងបាននិយាយបន្ថែមទៀតថា អាជីវកម្មប្រហែល 232500 អាចមានសិទ្ធិស្នើសុំជំនួយប្រាក់ឧបត្ថម្ភក្នុងការបិទអាជីវកម្ម និងការកាត់បន្ថយចំណាយ ដោយក្រសួងបានសម្រេចចិត្តរួចហើយថានឹងចំណាយទឹកប្រាក់ប្រហែល 1.68 ប៊ីលានដុល្លារអាមេរិកដើម្បីជួយ។
ក្រុមមន្រ្តីនិយាយថាខ្លួននឹងបន្តជម្រុញឱ្យអាជីវកម្មប្រើកម្មវិធីឧបត្ថម្ភនេះ ព្រោះវាទំនងជានឹងកាន់តែពិបាកសម្រាប់ពួកគេក្នុងការរក្សាបុគ្គលិក/ពលករ៕
ប្រភព៖ NHK