
ប្រមុខរដ្ឋាភិបាល សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ ជាខួប៣ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០២០) នៃការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅទីក្រុង Krakow ប្រទេសប៉ូឡូញ ។
បើយោងតាមការបង្ហោះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ប្រមុខរដ្ឋាភិបាល នៅថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២០នេះ សម្តេច ហ៊ុន សែន បានឲ្យដឹងដូច្នេះថា «ក្រោយចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកប្រាសាទសំបូរព្រៃគុកដែលស្ថិតនៅភូមិសំបូរឃុំសំបូរស្រុកប្រាសាទសំបូរខេត្តកំពង់ធំបានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏ ទាក់ទាញ មួយ» ។
បន្ថែមពីនេះ សម្តេចក៏បានឲ្យដឹងថា ប្រាសាទសំបូរព្រៃគុក ដែលមានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមាន ចំងាយ ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។
សម្តេចក៏បានអះអាងទៀតថា ប្រាសាទនេះ ជារាជធានីចាស់ បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ជាដើម៕