
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងថា មកទល់ថ្ងៃនេះស្ថានភាពការឆ្លងរាលរាតត្បាតជំងឺកូវីដ-១៩ ក្នុងពិភពលោកបានកើនឡើងដល់ 11,500,302 នាក់ ហើយចំនួនអ្នកស្លាប់បានកើនឡើងដល់ 535,759 នាក់តាមការបញ្ជាក់របស់ WHO។ ទន្ទឹមគ្នានេះ សម្តេច ហ៊ុន សែន៖ ដាស់តឿនពលរដ្ឋឲ្យក្រើនរំលឹកកុមារតូចៗ ឲ្យចេះការពារខ្លួន ដើម្បីចៀសវាងពីការឆ្លងរាលរាតត្បាតជំងឺកូវីដ-១៩។
ឆ្លៀតឪកាសផ្ងើសារតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេច ហ៊ុន សែន បានលើកឡើងថា «សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពអោយបានល្អ ជាពិសេសកុំអោយឆ្លងជំងឺកូវីដ-១៩។ ត្រូវក្រើនរំលឹកដល់កូនចៅតូចៗនៅក្នុងបន្ទុកអោយចេះការពារខ្លួន ហើយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬទឹកអាល់កុល និងពាក់ម៉ាសការពារខ្លួន។ នៅផ្សាររដ្ឋនិងឯកជន តូបឬហាងលក់ឥវ៉ាន់ ភោជនីយដ្ឋាន ហាងកាហ្វេ ផ្ទះសំណាក់ សណ្ឋាគារ ជាពិសេសក្លីនិក និងមន្ទីរពេទ្យរដ្ឋ និងឯកជនត្រូវមានចឹលឬអាល់កុល និងម៉ាសសម្រាប់អតិថិជនប្រើប្រាស់ចៀសវាងការឆ្លងជំងឺកូវីដ-១៩ ពីម្នាក់ទៅម្នាក់»។
បន្ថែមពីនេះ សម្តេចក៏បានដាស់តឿនទៅកាន់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរមកពីក្រៅប្រទេស ក្រោយពីបានពិនិត្យសុខភាពមានលទ្ធផលអវិជ្ជមានហើយបានអនុញ្ញាត្តិអោយទៅរស់នៅដាច់ដោយឡែកនៅតាមផ្ទះ ចំនួន ១៤ថ្ងៃ សូមធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ហាមដើរចេញមានទំនាក់ទំនងក្រៅផ្ទះ ទោះបីគ្មានមន្រ្តីសុខាភិបាលនៅជាមួយជាប់ក៏ដោយ។
គួរជំរាប់ជូនដែរថា ការដាស់តឿនពលរដ្ឋឲ្យក្រើនរំលឹកកុមារតូចៗ ឲ្យចេះការពារខ្លួន ដើម្បីចៀសវាងពីការឆ្លងរាលរាតត្បាតជំងឺកូវីដ-១៩ ពីសំណាកប្រមុខរដ្ឋាភិបាលនាពេលនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងអប់រំប្រកាសថា អាចនឹងបើកសាលារៀនឡើងវិញនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធលើវិធានការសុខុមាលភាព និងកត្តាសង្គម-សេដ្ឋកិច្ច៕