
ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្មីៗនេះ បានធ្វើកិច្ចប្រជុំពិភាក្សាបន្ត និងពិនិត្យលើសេចក្ដីសម្រេចលើច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដើម្បីធ្វើឲ្យប្រសើរឡើងដល់ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់នៅកម្ពុជា។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
កិច្ចប្រជុំនេះបានឯកភាព និង សម្រេចកែសម្រួលសមាសភាពនៃគណៈកម្មការអន្តរក្រសួង និងបានដាក់ចំណងជើងឱ្យសេចក្ដីព្រាងច្បាប់នេះទាំងភាសាខ្មែរ និងភាសាអង់គ្លេសគឺច្បាប់ស្ដីពីទឹកកខ្វក់ និងប្រព័ន្ធលូ ឬ Wastewater and Drainage។
នៅក្នុងកិច្ចប្រជុំនោះ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉ាល់ ចន្ទតារា បានឲ្យដឹងថា ដោយមើលឃើញអំពីតម្រូវការកើនឡើងក្នុងការលើកកម្ពស់អនាម័យ ការគ្រប់គ្រង និងសម្អាតទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងសិក្សា និងអនុវត្តន៍គម្រោងផ្សេង ៗ ដែលទាក់ទងនឹងវិស័យទឹកកខ្វក់ ដើម្បីលើកកម្ពស់សុខុមាលភាព និងអនាម័យរបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ លោកអះអាងបន្តថា ដើម្បីឱ្យការរៀបចំសេចក្ដីព្រាងច្បាប់នេះមានសន្ទុះទៅមុខកាន់តែលឿន យើងត្រូវកែប្រែនីតិវិធីនៃការប្រជុំដូចជា ក្រុមការងារជំនួយការលេខាធិការដ្ឋានត្រូវជំរុញការប្រជុំឱ្យបានញឹកញាប់ និងរក្សាទុកចំណុចណាដែលមិនទាន់ឯកភាពគ្នាជូនថ្នាក់ដឹកនាំលេខាធិការដ្ឋានដើម្បីសម្រេច ហើយកិច្ចប្រជុំផ្ទៃក្នុង ក្រសួងត្រូវធ្វើឡើងមួយសប្ដាហ៍ម្ដងជារៀងរាល់សប្ដាហ៍។
ជាងនេះទៀត លោកក៏ឱ្យក្រុមការងារជំនាញពិនិត្យឱ្យបានល្អិតល្អន់ និងស៊ីជម្រៅនូវឯកសារគតិយុត្តពាក់ព័ន្ធទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសិក្សាគំរូច្បាប់របស់ប្រទេសនានា ដើម្បីជាមាគ៌ាក្នុងការរៀបចំសេចក្ដីព្រាងច្បាប់នេះឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងមានសន្ទុះទៅមុខកាន់តែលឿន។
គួរបញ្ជាក់ផងដែរថា កាលពីចុងខែមិថុនា កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានស្នើរសុំ ហិរញ្ញប្បទាន ៥៥ លានដុល្លារអាមេរិក ពីខាងធនាគារពិភពលោក លើគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ដើម្បីធានាប្រយោជន៍សុខភាពសាធារណៈ អនាម័យនៅក្នុងទីក្រុង និងដើម្បីចូលរួមចំណែកធានាឱ្យបាននូវបរិស្ថានស្អាត លើកកម្ពស់ជីវភាពរស់នៅផងដែរ៕