ចំណុចចាំបាច់អ្វីខ្លះដែលអ្នកគួរត្រៀមពេលចង់ធ្វើដំណើរឡើងភ្នំ ឬចូលព្រៃ?

ការធ្វើដំណើរឡើងភ្នំ ឬចូលទៅក្នុងព្រៃមិនមែនចេះតែរៀបចំគម្រោងថ្ងៃទៅ ក៏ធ្វើដំណើរទៅភ្លាមនោះទេ ចាំបាច់លោកអ្នកត្រូវដឹងថាលោកអ្នកគួរត្រៀមអ្វីជាចាំបាច់ដើម្បីកុំឱ្យពិបាកពេលទៅដល់តំបន់ដាច់ស្រយាលទាំងនោះ។

ខណៈនេះដែរ ក្រុមការងារ The Plus News យើងខ្ញុំនឹងលើកយកនូវសម្ភារ និងគន្លឹះចាំបាច់មួយចំនួនដើម្បីលោកអ្នកអាចត្រៀមដើម្បីធ្វើដំណើរចូលព្រៃ ឬឡើងភ្នំ។

  1. ស្វែងយល់ទីតាំងភូមិសាស្ត្រ៖ លោកអ្នកត្រូវស្វែងយល់ឱ្យបានច្បាស់ថាទីតាំងនៃភ្នំ ឬព្រៃដែលលោកអ្នកប្រុងនឹងធ្វើដំណើរទៅកាន់នោះស្ថិតនៅកន្លែងណាជៀសវាងការវង្វេងផ្លូវធ្វើឱ្យខាតដំណើរ។ លើសពីនេះ ការដឹងពីទីតាំងភូមិសាស្ត្រច្បាស់អាចធ្វើឱ្យលោកអ្នកមានទំនុកចិត្តក្នុងការធ្វើដំណើរ ទោះបីជាការធ្វើដំណើរជាលក្ខណៈផ្សងព្រេងក៏ដោយ។
    Google Maps pode ganhar modo de navegação anônima em breve ...
  2. ទំនាក់ទំនងជាមួយម្ចាស់តំបន់៖ នៅតំបន់នីមួយៗតែងតែមានអាជ្ញាធរគ្រប់គ្រង និងអ្នកភូមិជាដើមដែលលោកអ្នកអាចទាក់ទងសុំជំនួយពីពួកគេ ទាំងការត្រួសត្រាយផ្លូវ និងការសុំការអនុញ្ញាតិជាដើម។
  3. សម្ភារប្រើប្រាស់ដែលត្រូវត្រៀម៖ លោកអ្នកចាំបាច់ត្រូវមានសម្ភារចាំបាច់មួយចំនួនទៅតាមចំនួនថ្ងៃដែលលោកអ្នកធ្វើដំណើរ។ ជាទូទៅ អ្នកដែលធ្វើដំណើរឡើងភ្នំ ឬចូលព្រៃតែងតែចំណាយពេល 2 ទៅ 3 ថ្ងៃដើម្បីសម្រាកនៅទីនោះ ហើយសម្ភារចាំបាច់ដែលត្រូវរៀបចំមានដូចជា៖

– កាបូបស្ពាយពីក្រោយស្រាលសម្រាប់ដាក់អីវ៉ាន់

– អាវរងារ ឬខោអាវក្រាស់ៗ និងកក់ក្ដៅ ជៀសវាងស្លៀកពាក់ពេលយប់ធ្វើឱ្យរងារ

– ខោអាវក្នុង (កុំភ្លេចដាក់ឱ្យសោះណា!)

– តង់ (ចាំបាច់ត្រូវមានភាពរឹងមាំ មានចំណង មានបង្គោលត្រឹមត្រូវ និងមានសំណាញ់ការពារកុំឱ្យមូស ឬសត្វល្អិតចូល)

– ពូកដែលអាចបត់ឱ្យតូចបាន (អាចចូលក្នុងពូកនោះហើយរូតឱ្យជិត)

– ថ្នាំបាញ់ ឬឡេលាបការពារសត្វល្អិត និងមូស

– ក្រូចសើច 4 ឬ 5 ផ្លែ ឬច្រើនជាងនេះដាក់រាយជុំវិញតង់ដើម្បីកុំឱ្យមានសត្វអសិរពិស ដូចជាពស់ជាដើមចូលជិតយើង

– ពិលដើម្បីបញ្ចាំងពេលយប់ (អាចប្រើពិលដែលសាកថ្មដោយថាមពលពន្លឺព្រះអាទិត្យ ឬពិលប្រើ Powerbank)

– Powerbank ដើម្បីទុកសាកថ្មទូរស័ព្ទ

– អាហារក្រៀម ដូចជាមីកំប៉ុង នំប៉័ង ទឹកដោះគោទីបជ័រ សាច់ងៀត សាច់ប្រឡាក់ គ្រឿងទេសដាក់ក្នុងកញ្ចប់តូចៗ និងអង្ករប្រសិនបើអ្នកចង់ដាំបាយ

– សម្ភារសង្គ្រោះបឋមដូចជា ថ្នាំលាងរបួស បង់បិទដំបៅ ថ្នាំផ្ដាសាយ ថ្នាំរាក ថ្នាំក្ដៅខ្លួន ថ្នាំបំបាត់ការឈឺចាប់ ប្រេងខ្យល់ ឬប្រេងកូឡា ថ្នាំរិតជើងកុំឱ្យឈឺសាច់ដុំ

– ដបចម្រោះទឹកដែលលោកអ្នកអាចប្រើដើម្បីចម្រោះទឹកនៅតំបន់នោះប្រើប្រាស់ដូចជាផឹក ឬយកមកដាំស្រុះមី ឬដាំបាយជាដើម

– ឆ្នាំងប្រភេទតូចប៉ុនចាន អាចប្រើដាំទឹកបាន និងដាក់ម្ហូបអាហារបាន

– ចង្រ្កានហ្គាស និងហ្គាស ឬចង្រ្កានបែបធម្មជាតិប្រើឈើធ្វើអុសដុត

– កូនកាំបិតសម្រាប់ប្រើពេលចាំបាច់ (កូនកាំបិតត្រូវមានស្រោម)

– សម្ភាថែរក្សាខ្លួនដូចជាសាប៊ូលាងមុខ ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ សាប៊ូលាងដៃ សាប៊ូកក់សក់ សាប៊ូដុសខ្លួនជាដើម (អាចប្រើប្រភេទដុំតូចៗដាក់ក្នុងប្រអប់តែមួយ)

– ក្រមាសម្រាប់ផ្លាស់ងូតទឹក និងជូតខ្លួន (ក្រមាមានកម្រាស់ស្ដើង និងស្រាលជាងកន្សែងពោះគោ)

– អាវភ្លៀង

– កម្រាលទ្រាប់អង្គុយ ឬកៅអីបត់បាន

– ថង់ដាក់សម្រាម (ត្រូវប្រាកដថាលោកអ្នកមិនបានពង្រាយសម្រាមនៅកន្លែងដែលលោកអ្នកធ្វើដំណើរទៅនោះទេ មានន័យថា បរិស្ថានស្អាតកើតចេញពីអ្នក)

– ដែកកេះសម្រាប់ដុតជាភ្លើងដោយប្រើអុសពីកំទេចឈើជាដើម ឬដែកកេះអេឡិចត្រូនិច
5 of the greatest outdoor, hiking, and camping apps for Android ...

  1. ថ្ងៃចេញដំណើរអ្នកត្រូវ៖

– ស្លៀកសម្លៀកបំពាក់ណាងាយស្រួលធ្វើដំណើរឡើងភ្នំ ឬក៏ចូលព្រៃ

– ពាក់ស្បែកជើងប្រភេទឡើងភ្នំ ឬចូលព្រៃ (ស្បែកជើងដែលរឹងមាំអាចការពារលោកអ្នកពីសត្វព្រៃខាំ មានក្រឡាធំៗអាចឱ្យលោកអ្នកងាយស្រួលដើរនៅកន្លែងដែលមានសភាពរអិល)

– ឈើទប់លំនឹង (វាអាចជួយលោកអ្នកឱ្យមានលំនឹង និងមិនងាយដួល)

– ផែនទីភូមិសាស្ត្រត្រូវមាននៅក្នុងដៃ ឬក៏ប្រើទូរស័ព្ទឆែកផែនទៅ

– ត្រូវតមពាក្យសម្ដីដែលអាចជាការមាក់ងាយ ឬប្រមាថដល់ម្ចាស់ស្រុក ម្ចាស់ព្រៃ ឬម្ចាស់ភ្នំ

– ទឹកដបធំល្មមអាចស្ពាយជាមួយកាបូបដាក់សម្ភារនៅចំណុចមុន ដែលលោកអ្នកអាចផឹកបានពេលស្រេកទឹក

– អាហារក្រៀមនៅក្រៅកាបូបដែលលោកអ្នកអាចយកមកពិសាពេលឃ្លាននៅក្នុងអំឡុងពេលធ្វើដំណើរ
Make your hiking trip perfect (Part 3) | verticalhikingtours.com

 

  1. ពេលត្រឡប់មកវិញ៖

សូមថែរក្សាអនាម័យ និងបរិស្ថាននៅទីនោះដោយប្រមូលសម្រាមផ្សេងៗមកវិញ។

កុំភ្លេចរកគ្នាទៅធ្វើដំណើរជាមួយឱ្យច្រើនគ្នាណាដើម្បីឱ្យដំណើរកម្សាន្តនេះប្រកបដោយអនុស្សាវរីយ៍ និងការផ្សងព្រេងដ៏អស្ចារ្យ! ប្រសិនបើលោកអ្នកចង់ផ្ដល់ចំណុចបន្ថែមទៅលើសម្ភារដែលត្រូវរៀបចំសម្រាប់ការឡើងភ្នំ និងចូលព្រៃ សូមចូលរួមចែករំលែកជាមួយ The Plus News ទាំងអស់គ្នា៕