
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីធ្វើឱ្យប្រសើរឡើងនូវចរាចរណ៍ក្នុងក្រុងជាពិសេសនៅចំណុចប្រសព្វផ្លូវ២៧១ផ្លូវ៦០ម៉ែត្រនិងផ្លូវព្រះមុនីវង្សរដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការពង្រីកឱ្យធំជាងមុនរហូតដល់៣គន្លងដើម្បីដោះស្រាយបញ្ហាកកស្ទះដែលតែងកើតមាន។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធាភ្នំពេញ បានថ្លែងតនៅក្នុងកិច្ចប្រជុំស្ដីពីការកែលម្អប្រព័ន្ធភ្លើងស្ដុបចរាចរណ៍នៅចំណុចវត្តនាគវ័ន្ត ខណ្ឌទួលគោក ចំណុចប្រសព្វផ្លូវលេខ២៧១ មហាវិថីព្រះមុនីវង្ស និងមហាវិថីសម្ដេចតេជោ ហ៊ុន សែន ( ផ្លូវ៦០ម៉ែត្រ ) ខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រ ថ្ងៃទី១០ ខែកក្កដា ថា រដ្ឋបាលរាជធានីភ្នំពេញបានបើក ការកែលម្អទិសដៅចរាចរណ៍ ជាហេតុនាំឱ្យលំហូរចរាចរណ៍ដំណើរការដោយមិនមានការកកស្ទះ ចំពោះអ្នកប្រើប្រាស់យានជំនិះលើដងផ្លូវទាំងអស់ ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការកកស្ទះ និងគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ។
ជុំវិញរឿងនេះដែរ បើតាម លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូន ជំនន់នៃការកកស្ទះចរាចរណ៍នៅតាមតំបន់ទីប្រជុំជននានានៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា ក្នុងរាជធានីភ្នំពេញនៅតែបន្តជាបញ្ហា បើទោះជារដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការកែសម្រួលពង្រីកទំហំផ្លូវ សាងសង់ស្ពានអាកាស ផ្លូវក្រោមដីមយចំនួនរួចទៅហើយក៏ដោយ។
លោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនបានមានប្រសាសន៍បញ្ជាក់ថាប្រព័ន្ធចរាចរណ៍នៅចំណុចផ្លូវប្រសព្វទាំងរួមមានផ្លូវ៦០ម៉ែត្រផ្លូវ២៧១និងផ្លូវព្រះមុនីវង្សគឺមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃបើទោះជាមានផ្លូវវាងមានស្ពានអាកាសរួចទៅហើយក្ដី។
លោកបានបញ្ជាក់ថា “ជាដំណោះស្រាយនូវបញ្ហានេះ រដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសិក្សាពីលទ្ធភាពនៃការពង្រីកផ្លូវព្រះមុនីវង្ស និងផ្លូវ២៧១ ជា៣គន្លង ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ បន្ថែមពីលើការផ្លាស់ប្ដូរ និងកែសម្រួលទិសដៅលំហូរចរាចរណ៍នៅចំណុចច្រមុះជ្រូកក្បាលថ្នល់”។
លោកបញ្ជាក់ទៀតថា “ការកកស្ទះចរាចរណ៍រាល់ថ្ងៃ នៅក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះ គឺបង្កមកពីកក្តាជាច្រើន ដែលក្រៅពីមានកំណើនប្រជាជន កំណើនយានយន្ត ក៏បង្កមកពីកក្តាមនុស្ស ដែលជាអ្នកបញ្ជាយានយន្ត មិនគោរពស្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍នោះទេ ហើយរឹតតែមិនគោរពសិទ្ធអាទិភាព”។ លោកបន្តថា “ដូច្នេះបន្ថែមពីលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានអាកាស ផ្លូវក្រោមដីទាំងអស់នេះ សូមអ្នកបញ្ជាយានយន្តទាំងអស់មេត្តាចូលរួមគោរព និងអនុវត្តតាមច្បាប់ទាំងអស់គ្នា ដើម្បីកាត់បន្ថយការកកស្ទះទាំងអស់នេះ”៕