
អ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងថា ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមជាង ១ ម៉ឺនតោនក្នុងមួយថ្ងៃ។ហេតុនេះ ដើម្បីការគ្រប់គ្រងសំរាមឱ្យបានល្អ បរិស្ថានស្អាត ត្រូវផ្ដើមពីយើង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមប្រតិបត្តិមេត្រីភាពក្នុងការរស់នៅប្រចាំថ្ងៃជាពិសេសចូលរួមញែកសំរាមតាមបច្ចេកទេសដោយទុកដាក់វេចខ្ចប់សំរាមតាមប្រភេទគឺសំណល់សរីរាង្គ សំណល់ដែលអាចកែច្នៃ និងប្រើប្រាស់ឡើងវិញបាននិងសំណល់ដែលគ្រោះថ្នាក់។
នេះជាការលើកឡើងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងពិធីសំណេះសំណាល និងប្រគល់ធុងសំរាមជូនប្រជាពលរដ្ឋរស់នៅក្នុងគម្រោងទី១ បុរី ប៉េង ហួត នៅក្នុងបរិវេណសួនច្បារក្នុងបុរីប៉េង ហួត បឹងស្នោ កាលពីពេលថ្មីៗនេះ។
លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ការអនុវត្តគោលការណ៍ញែកសំរាមតាមប្រភេទនេះត្រូវបានអនុវត្តន៍ដោយក្រុមការងារ «ផ្តើមពីយើង» ដឹកនាំដោយលោក គួច វែងស្រ៊ុន និងយុវជនស្ម័គ្រចិត្ត និងចូលរួមអនុវត្តន៍ដោយក្រុមហ៊ុនបុរី ប៉េងហួត ហើយគម្រោងនេះទទួលបានការគាំទ្រដោយក្រសួងបរិស្ថានក្នុងគោលបំណងបណ្តុះស្មារតីស្រឡាញ់បរិស្ថាន និងបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋញែកសំរាមតាមបច្ចេកទេស និងវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីបរិស្ថានស្អាត និងមានផាសុកភាពល្អ។ ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ «ផ្តើមពីយើង» ក្រុមហ៊ុនបុរី ប៉េងហួត ដែលបានសហការគ្នារៀបចំអនុវត្តគម្រោងនេះរហូតបានទទួលជោគជ័យ និងមានការចូលរួមគាំទ្រអនុវត្តន៍ពីសំណាក់ប្រជាពលរដ្ឋ។
លោក នេត្រ ភក្ត្រា ក៏បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានតែងតែគិតគូរជានិច្ចពីការថែរក្សា ការពារ និងលើកកម្ពស់បរិស្ថាននៅកម្ពុជា និងបានជំរុញឱ្យមានប្រតិបត្តិមេត្រីបរិស្ថាន។ ជាមួយនេះ លោក ក៏បានលើកឡើងពីផលប្រយោជន៍នៃការរៀបចំទុកដាក់ និងបែងចែកសំរាមឱ្យបានត្រឹមត្រូវ និងផលប៉ះពាល់ដែលកើតចេញពីការបោះសំរាម ចោលផ្តេសផ្តាស។
លោកបានថ្លែងឲ្យដឹងទៀតថា នៅក្នុងមួយឆ្នាំ កម្ពុជាបានបង្កើតសំរាមប្រមាណជិត ៤លានតោន ពោលគឺនៅទូទាំងប្រទេសមានសំរាមជាង ១ ម៉ឺនតោនក្នុងមួយថ្ងៃ។ ដោយឡែក នៅរាជធានីភ្នំពេញសំរាមដែលបង្កើតឡើងមានចន្លោះពី ២,៧០០ ទៅ ៣,០០០តោន ក្នុងមួយថ្ងៃក្នុងនោះសំណល់ម្ហូបអាហារមានចំនួន ៥៧,៤០ភាគរយ សំណល់ថង់ប្លាសស្ទិក មានប្រមាណ ១៨,១០ភាគរយ សំណល់ក្រដាស ៦ភាគរយ កៅស៊ូ និងស្បែក ០,២ភាគរយ សំណល់ស្មៅ ឈើ ក្រណាត់ ថ្ម និងផ្សេងៗមានចំនួន ១៨,៣០ ភាគរយ។
សូមបញ្ជាក់ថា គម្រោងផ្ដើមពីយើងបានប្រគល់ធុងសំរាមចំនួន ២០០ឈុត ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីនេះដែលពលរដ្ឋអាចទុកដាក់សំរាមតាមប្រភេទ ហើយនៅលើធុងសំរាមនោះមានការរចនាជាកន្លែងសម្រាប់ដាំដំណាំរួមផ្សំផ្សេងទៀត ឬផ្កាលម្អជាដើម។
លោក នេត្រ ភក្ត្រា ជឿជាក់ថា គម្រោងផ្តើមពីយើងនេះនឹងទទួលបានជោគជ័យហើយក្លាយជាគំរូសម្រាប់កាអនុវត្តនៅតាមបណ្តាបុរីនានាក្នុងរាជធានីភ្នំពេញ និងជំរុញចលនាញែកសំរាមតាមបច្ចេកទេស និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវនៅទូទាំងប្រទសកម្ពុជា។ លោក បានគូសបញ្ជាក់បន្ថែមថា “សំរាមមានតម្លៃជាសេដ្ឋកិច្ច ប្រសិនបើយើងចូលរួមញែកសំរាមឱ្យបានត្រឹម ហើយបរិមាណសំរាមដែលដឹកយកទៅចាក់ចោលនៅលើទីលានចាក់សំរាមនឹងត្រូវបានកាត់បន្ថយដោយសំរាមខ្លះអាចយកទៅកែច្នៃ និងប្រើប្រាស់ឡើងវិញ សំណល់សរីរាង្គដែលជាសំណល់ម្ហូបអាហារអាចកែច្នៃជាជីកំប៉ុស្ដដាក់លើដំណាំ ឬរុក្ខជាតិផ្សេងទៀតបាន”៕