កម្ពុជា-ឡាវ កំពុងសិក្សាឈានទៅបើកច្រកទ្វារព្រំដែនអន្ដរជាតិមួយទៀតនៅខេត្តរតនគិរី

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា-ឡាវ បាននិងកំពុងសិក្សាឈានទៅបើកច្រកទ្វារព្រំដែនអន្ដរជាតិមួយបន្ថែមទៀតដែលមានទីតាំងស្ថិតក្នុងខេត្តរតនគិរី ប៉ុន្ដែគម្រោងនេះនៅមិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ ខណៈស្ថិតក្នុងដំណាក់កាលនៃការសិក្សានៅឡើយ។

លោក ថង សាវុន អភិបាលខេត្តរតនគិរីថ្លែងប្រាប់នៅថ្ងៃទី១៣ ខែកក្កដានេះថា ចំពោះទីតាំងច្បាស់លាស់ អំពីចំណុចដែលត្រូវបើកច្រកទ្វារព្រំដែនទ្វេរភាគី នៅខេត្តរតនគិរីនេះ លោក ថង សាវុន មិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្ដែគ្រាន់តែលោកបង្ហើបថា បើកច្រកនៅតំបន់ណាដែលផ្ដល់សារៈសំខាន់ខ្លាំងដល់ខេត្តរតនគិរី និងខេត្តអាត់តាពើ (ប្រទេសឡាវ) ព្រមទាំងប្រជាជននៅជិតព្រំដែនប្រទេសទាំងពីរ។

លោកបញ្ជាក់ថា៖«រហូតមកដល់ពេលនេះសម្រាប់ខេត្តរតនគិរី មិនទាន់មានផ្លូវណាមួយ ឬច្រករបៀងណាមួយតភ្ជាប់ជាមួយ ប្រទេសឡាវទេ ហើយកាលដែលស្នើសុំទៅកាន់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋាភិបាលនៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ) គឺចង់បាននូវការបើកច្រកទ្វារទ្វេរភាគីមុន។ ដោយឡែក ខេត្តរតនគិរី មានផែនការដើម្បីបើកច្រកទ្វារទ្វេរភាគីមួយ ដែលកំពុងតែសុំគោលការណ៍រាជរដ្ឋាភិបាល ដើម្បីសិក្សាមើល តើយើងនឹងរៀបចំច្រកណាមួយ ដែលផ្ដល់នូវសារសំខាន់ខេត្តទាំងពីរប្រជាជននៅជិតខាងប្រទេសទាំងពីរ»។

លោកបានបង្ហាញក្ដីរំពឹងនៅពេលច្រកទ្វារព្រំដែនទ្វេរភាគីមួយនេះបើកដំណើរការ ដោយសារខេត្តរតនគិរី ជាខេត្តមួយដែលមានសក្ដានុពល អំណោយផលដល់ការដាំដុះដំណំា ពិសេសដំណំាកសិ-ឧស្សាហកម្ម និងការចិញ្ចឹមសត្វ ខណៈ ឆ្នាំ២០១៩កន្លងទៅការដំណំាអនុវត្តបានលើផ្ទៃដីសរុប ១៦៨,៥៤៣ហិកតា។
លោក ថង សាវុន បានបន្ថែមទៀតថា ប្រសិនបើច្រកទ្វារព្រំដែនមួយនេះបើកដំណើរការ ឬក៏ត្រឹមតភ្ជាប់ផ្លូវពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង មកស្រុកវ៉ើនសៃ ខេត្តរតនគិរី និងបន្ដមកក្រុងបានលុងនោះ នឹងផ្ដល់សារៈសំខាន់ខ្លាំងណាស់ ព្រោះជាផ្លូវដែលតភ្ជាប់ពីច្រកទ្វារព្រំដែនអន្ដរជាតិត្រពាំងក្រៀល ពោលពិតជាមានសក្ដានុពលខ្លាំង ជាមួយនឹងជំរុញកំណើនសេដ្ឋកិច្ច៕