កសិករខេត្តព្រះវិហារ មានទឹកមាត់លេបឡើងវិញ ព្រោះក្រុមហ៊ុនមួយបន្ដកិច្ចសន្យាទិញស្រូវ៦ពាន់តោនក្នុងឆ្នាំ២០២០

ព្រះវិហារ៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានចុះអនុស្សរណៈយោគយល់គ្នា និងកិច្ចសន្យាផលិតកម្មកសិកម្មស្តីពីការផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គរវាងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ខេត្តព្រះវិហារ និងក្រុមហ៊ុនហ្គោលដិនរ៉ាយស៍(Golden Rice) ដោយបន្តទិញស្រូវចំនួន ៦ពាន់តោនសម្រាប់ឆ្នាំ២០២០នេះ។

លោកឧកញ៉ា សុខ ហាច អគ្គនាយកក្រុមហ៊ុនហ្គោលដិនរ៉ាយស៍បានថ្លែងថា ដោយសារតែខេត្តព្រះវិហារពោរពេញទៅដោយសក្តានុពលកសិកម្ម និងមានលក្ខណៈសរីរាង្គក្រុមហ៊ុនបានសម្រេចចិត្តចូលរួមវិនិយោគជាមួយកសិករនៅខេត្ដព្រះវិហារក្នុងការទទួលទិញស្រូវសរីរាង្គក្នុងតម្លៃខ្ពស់សមរម្យ។
លោកបន្តថា កាលពីឆ្នាំ ២០១៩ កន្លងទៅ ក្រុមហ៊ុនបានចុះកិច្ចសន្យាបញ្ជាទិញស្រូវនូវបរិមាណតែជាង ៣ពាន់តោនប៉ុណ្ណោះ តែដោយឡែកក្នុងរដូវកាលឆ្នាំ ២០២០-២០២១នេះ ក្រុមហ៊ុនព្រមបន្តទទួលទិញស្រូវសរីរាង្គពីសហគមន៍រហូតដល់ទៅ ៦ពាន់តោន ហើយនៅឆ្នាំក្រោយៗទៀតបរិមាណនៃការទទួលទិញនឹងកើនឡើងជាបន្តបន្ទាប់ទៀត។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារបានថ្លែងថា ស្រូវនៅខេត្តព្រះវិហារមានតម្លៃខ្ពស់ជាងបណ្ដាខេត្តផ្សេងៗ តាមរយៈការចាប់ដៃគូផ្គត់ផ្គង់ស្រូវសរីរាង្គក្នុងក្របខ័ណ្ឌកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុន ចាប់ពីថ្ងៃនេះទៅស្រូវមានម្ចាស់ហើយ។
លោកបានណែនាំដល់កសិករផលិតស្រូវទាំងអស់ត្រូវគោរពទៅតាមកិច្ចសន្យាដែលមានភាពស្មោះត្រង់មិនក្លែងបន្លំចៀសវាងការលក់ស្រូវទៅឱ្យអ្នកផ្សេង ជាពិសេសត្រូវរក្សាកេរ្តិ៍ឈ្មោះសហគមន៍របស់ខ្លួនឱ្យបានល្អជាមួយនឹងក្រុមហ៊ុនដៃគូ គឺធ្វើយ៉ាងណាត្រូវបង្កើតនូវផលិតផលប្រកបដោយគុណភាពឆ្ពោះទៅកាន់ទីផ្សារដើម្បីបង្កើននូវប្រាក់ចំណូលខ្ពស់។

លោកបន្ថែមថា មានសហគមន៍កសិកម្មចំនួន០៨ បានចូលរួមបន្តអនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយ ក្រុមហ៊ុន Golden Rice លើបរិមាណស្រូវសរីរាង្គចំនួន៦,០០០តោន ដោយកើនបរិមាណលើសឆ្នាំ២០១៩ ប្រមាណជាជិត ២០០ភាគរយ ដែលកាលនៅឆ្នាំ២០១៩ ក្រុមហ៊ុន Golden Rice បានចុះកិច្ចសន្យាជាមួយសហគមន៍ទិញតែ ៣,០០០តោនប៉ុណ្ណោះ។

លោក ធួន សាន្ដ ប្រធានក្រុមប្រឹក្សាភិបាលរបស់សភាពសហគមន៍កសិកម្មព្រះវិហារមានជ័យបានថ្លែងថា លោកអរគុណរាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរពីបញ្ហាទីផ្សារកសិកម្មសម្រាប់កសិករដើម្បីឱ្យកសិករមានជីវភាពល្អប្រសើរឡើងដូចជាថ្ងៃនេះ ក្នុងក្របខ័ណ្ឌកសិកម្មតាមកិច្ចសន្យាពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់គ្រប់ភាគីចំណែកភាគីកសិករមិនបារម្ភលើបញ្ហាកង្វះទីផ្សារទៀតឡើយ ដោយសារទីផ្សារបានមកដល់ផ្ទះរបស់បងប្អូនប្រជាកសិករយើងស្រាប់។

បច្ចុប្បន្ននេះ ខេត្តព្រះវិហារមានសហគមន៍កសិកម្មសរុបចំនួន ៤៣សហគមន៍ ដែលមានការចុះបញ្ជីទទួលស្គាល់ជាសហគមន៍កសិកម្មស្របច្បាប់។ ទន្ទឹមនេះ នៅក្នុងឆ្នាំ២០១៩កន្លងទៅ មានសហគមន៍កសិកម្មចំនួន៣៤ បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ស្រូវសរីរាង្គក្នុងបរិមាណសរុបចំនួន២២,៤៦៥តោន ដែលមានសមាជិកចូលរួមផលិតចំនួន៥,៣៤១គ្រួសារ លើផ្ទៃដីសរុបចំនួន១៤,៧៦៩ហិកតា សម្រាប់លក់ឱ្យក្រុមហ៊ុនចំនួន៣គឺក្រុមហ៊ុនអែមរុរ៉ាយស៍ ក្រុមហ៊ុន ស៊ិកនេតឈរអស្វអេសា និងក្រុមហ៊ុនហ្គោលដេនរ៉ាយស៍៕