ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ៥ទីតាំងដែលលក់សាំងមិនគ្រប់លីត ត្រូវបានមន្ត្រីជំនាញប្ដឹងទៅតុលាការ

តាកែវ: មន្ត្រីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ(ក.ប.ប.)ខេត្តតាកែវ បាននិងកំពុងរៀបចំសំណុំរឿងប្ដឹងម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ៥ទីតាំងនៅក្នុងក្រុងដូនកែវ ខេត្តតាកែវទៅសាលាដំបូងខេត្ត ក្រោយពីរកឃើញមានភាពមិនប្រក្រតីតាមរយៈការលក់ប្រេងឥន្ធនៈគ្មានគុណភាព និងមិនគ្រប់បរិមាណ។

លោក ប៉ោ លាងគង់ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ(ក.ប.ប.)ខេត្តតាកែវបានថ្លែងថា មន្ត្រីសាខា ក.ប.ប.ខេត្តតាកែវ បាននិងកំពុងកសាងសំណុំរឿងបញ្ចូនម្ចាស់ស្ថានីយ និងដេប៉ូទាំង ៥ទីតាំងទៅសាលាដំបូងខេត្តតាកែវ ដើម្បីធើ្វការពិន័យទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផល ទំនិញ និងសេវាតម្លៃលក់រាយតាមស្ថានីយ និងដេប៉ូទាំងអស់តាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។

លោកបញ្ជាក់ថា៖«ខ្ញុំកំពុងរៀបចំសំណុំរឿងប្ដឹងម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ៥ទីតាំងហ្នឹង ហើយប្រហែលជានៅថ្ងៃទី ១៥ ឬ១៦ ខែកក្កដានេះ ខ្ញុំនឹងបញ្ជូនទៅតុលាការតែម្ដង ព្រោះយើងធ្លាប់បានអប់រំ ណែនាំ និងប្រកាសឲ្យគោរពតាមសេចក្ដីណែនាំក្រសួងពាណិជ្ជកម្មជាច្រើនលើកហើយ ប៉ុន្ដែពួកគាត់មិនព្រមស្ដាប់ទេ។ លោកថា៖«អ៊ីចឹង យើងមានតែបញ្ជូនទៅតុលាការ ហើយការងារប្ដឹងហ្នឹង យើងនៅតែធ្វើបន្តនៅទីតាំងផ្សេងៗទៀត ប្រសិនយើងរកឃើញមានមិនប្រក្រតី»។

លោកបន្តថា ការប្ដឹងនេះ បន្ទាប់ពីប្រជាពលរដ្ឋបង្ហាញក្ដីកង្វល់អំពីតំលៃ បរិមាណ និងគុណភាពប្រេងឥន្ធនៈតាមស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈទាំងអស់នេះ។ ដូច្នេះ នៅថ្ងៃទី១៣ ខែកក្កដានេះ មន្ត្រីសាខា ក.ប.ប.ខេត្តតាកែវ ដោយមានការសហការពីអាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័តផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈសរុបចំនួន ៨ទីតាំង។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង បង្ក្រាបការក្លែងបន្លំ(CCF)នៃក្រសួងពាណិជ្ជកម្មបានឲ្យដឹងពីថ្ងៃទី ១៣ ខែកក្កដាឲ្យដឹងថា ការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ និងដេប៉ូចែកចាយទាំង ៨ទីតាំងនោះ។

របាយការណ៍បន្តថា បន្ទាប់ពីបានធ្វើការត្រួតពិនិត្យ មន្ត្រីបានរកឃើញស្ថានីយ-ដេប៉ូចំនួន ៣ទីតាំងមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណត្រឹមត្រូវ ប៉ុន្ដែស្ថានីយ-ដេប៉ូចំនួន ៣ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ រីឯស្ថានីយ-ដេប៉ូចំនួន ២ទីតាំងទៀត មិនមានអនុលោមភាពទាំងផ្នែកគុណភាព និងបរិមាណ។ ដូច្នេះសរុប ៥ទីតាំងនេះ ត្រូវបានបញ្ជូនសំណុំរឿងទៅតុលាការតាមនីតិធីច្បាប់៕