
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសគម្រោងកាត់បន្ថយការនាំចូលបន្លែ ត្រី សាច់ ពីប្រទេសជិតខាង ដោយជំរុញឱ្យពលរដ្ឋក្នុងស្រុកបង្កើនការដាំដុះ និងចិញ្ចឹមសត្វក្នុងស្រុកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ប៉ុន្ដែមិនតម្រូវឱ្យប្រើថ្នាំគីមីច្រើនទេ ខណៈបច្ចុប្បន្នកម្ពុជាបាននាំចូលបន្លែពីប្រទេសវៀតណាម និងថៃរាប់រយតោនក្នុងមួយថ្ងៃ។
ការប្រកាសនេះ បានធ្វើឡើង នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីក៏ដូចជាសំណេះសំណាលជាមួយ ប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ។
នាឪកាសនោះ សម្តេច ហ៊ុន សែន ក៏បានពន្លឿនយ៉ាងទទូចដល់ស្ថាប័នពាក់ព័ន្ធឲ្យរិះរកដំណោះស្រាយឲ្យបានឆាបរហ័ស ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មក្នុងស្រុក ឈានដល់ការកាត់បន្ថយការនាំចូលផលិតផលកសិកម្មពីបរទេស។ទន្ទឹមគ្នានោះ សម្តេច ថា ចាប់ពីពេលនេះតទៅ នឹងត្រូវបំផុសឱ្យប្រជាពលរដ្ឋខ្មែរ ធ្វើការដាំដុះបន្លែ ផ្លែឈើ ប៉ុន្ដែ សម្ដេចមិនលើកទឹកចិត្តឱ្យប្រើថ្នាំសារធាតុគីមីទេ ហើយគ្រោងនឹងត្រូវកាត់បន្ថយការនាំចូលពីប្រទេសជិតខាងដែលបានប្រើប្រាស់គីមីច្រើននោះ។
សម្ដេច ហ៊ុន សែន បានថ្លែងថា៖ “ត្រូវបំផុសឱ្យប្រជាពលរដ្ឋរបស់យើង ដាំដុះនូវបន្លែបង្ការដែលគ្មានប្រើប្រាស់សារធាតុគីមី ហើយកាត់បន្ថយការនាំចូលពីប្រទេសក្រៅដែលមានការប្រើប្រាស់ជាតិគីមី ជាវិធានការដែលយើងត្រូវប្រកាន់យក ជំរុញការដាំដុះក្នុងស្រុក ហើយជំរុញចូលទីផ្សារ ដែលទីផ្សាររបស់យើងមិនសំដៅតែនាំចេញទៅក្រៅទេ»។
សូមបញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យមួយដ៏សំខាន់របស់កម្ពុជា ហើយរាជរដ្ឋាភិបាលនៅតែយកចិត្តទុកដាក់ខ្ពស់លើវិស័យនេះ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩កន្លងទៅ វិស័យកសិកម្មបានចូលរួមចំណែកប្រមាណ ២០.៨% នៃផលិតផលក្នុងស្រុកសរុប។ ក្នុងនោះផ្នែកដំណាំបានចូលរួម ៥៧.៦៧% ផ្នែកផលិតកម្មសត្វ ១១.១១% ផ្នែកជលផល ២៤.៣០% និងផ្នែកព្រៃឈើ ៦.៩១%។
កន្លងមក ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានឱ្យដឹងថា ការស្រាវជ្រាវកន្លងមកបង្ហាញថា កម្ពុជាបាននាំចូលបន្លែហូបចុកពីប្រទេសជិតខាងប្រមាណពី ២០០ ដល់ ៤០០ តោនក្នុងមួយថ្ងៃៗ ដែលមានតម្លៃជាទឹកប្រាក់ជាង ២០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ផ្ទុយទៅវិញ បន្លែផ្លែឈើសរីរាង្គ (Organic) មានតែជាង ១ តោនប៉ុណ្ណោះ ដែលផលិតបាន និងផ្គត់ផ្គង់នៅលើទីផ្សារសព្វថ្ងៃ៕ អត្ថបទ៖ ពិសី