រាជរដ្ឋាភិបាល បញ្ចេញកញ្ចប់ថវិកា ៩០០លានដុល្លារប្រឆាំងការប្រែប្រួលអាកាសធាតុនៅកម្ពុជា

ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញកញ្ចប់ថវិកាប្រមាណ ៩០០លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល៥ឆ្នាំម្ដង ដើម្បីទប់ស្កាត់ និងប្រឆាំងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ខណៈកញ្ចប់ថវិកាទាំងនេះបានបង្កើនរហូតដល់៤ដង បើធៀបនឹងប៉ុន្មានឆ្នាំមុន។ នេះបើតាមលោក នេត្រ ភត្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន។


លោក នេត្រ ភត្ដ្រា បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី«ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់មកលើប្រទេសកម្ពុជា»នៅទីស្ដីការគណៈរដ្ឋមន្ត្រីថា តាមរយៈកញ្ចប់ថវិកា ៩០០លានដុល្លារនេះ រាជរដ្ឋាភិបាលបានទម្លាក់ឲ្យក្រសួង និងស្ថាប័នចំនួន ១៤ ដើម្បីធ្វើការងាររួមគ្នាលើការងារបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។ លោកថា ការប្រែប្រួលអាកាសធាតុនេះ បានជះផលប៉ះពាល់យ៉ាងច្រើនដូចជា ទឹកជំនន់ ការរាំងស្ងួត ខ្យល់ព្យុះជាដើម។


លោកបញ្ជាក់បន្ថែមថា៖«អ៊ីចឹងថវិកានេះប្រើប្រាស់ក្នុងរយៈពេល ៥ឆ្នាំ នៅក្នុងគម្រោងដែលយើងបានធ្វើការជាមួយក្រសួង និងស្ថាប័នចំនួន ១៤ គឺនៅមានអនុគម្រោងជាច្រើនទៀតដែលនៅពីក្រោមក្រសួង ស្ថាប័នធំ។ ក្នុងនោះអនុគម្រោងនៅក្រោមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន និងស្ថាប័នមួយចំនួនទៀត។ គម្រោងជាទឹកប្រាក់ចំនួន ៩០០លានដុល្លារនេះ នឹងត្រូវអនុវត្តរហូតដល់ឆ្នាំ ២០៣០»។


បើតាមលោក នេត្រ ភក្ត្រា លើកឡើងថា ក្នុងរយៈពេល ២៤ឆ្នាំចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២០នេះ ការប្រែប្រួលអាកាសធាតុបានកើតឡើងចំនួន ៦៩៧៣ ករណី ក្នុងនោះគ្រោះរាំងស្ងួតមានចំនួន ១៣៧៥ ករណី ទឹកជំនន់មានចំនួន ៣៦៨១ ករណី និងខ្យល់ព្យុះមានចំនួន ១៩១៧ករណី។

រីឯផលប៉ះពាល់ដែលបណ្ដាលពីប្រែប្រួលអាកាសធាតុនេះបានធ្វើឲ្យមនុស្សស្លាប់ចំនួន ១២៩២នាក់ ហើយបំផ្លាញផ្ទះសម្បែងចំនួន ១៤៧៦១ ខ្នងផ្ទះ ខូចខាតសាលារៀនចំនួនជាង ១០០០ខ្នង មន្ទីរពេទ្យចំនួន ១៨៧៥ខ្នង ខណៈមានប្រជាពលរដ្ឋប្រមាណជាង ១៥លាននាក់ រងផលប៉ះពាល់ផ្ទាល់ពីទឹកជំនន់ គ្រោះរាំងស្ងួត និងកក្តាប្រែប្រួលអាកាសធាតុនានា៕