ការសាងសង់ពហុកីឡដ្ឋានជាតិតេជោ អាចនឹងអូសបន្លាយពេល ដោយសារវិបត្តិកូវីដ

មកទល់ពេលនេះ ការសាងសង់កីឡដ្ឋានធំ ដែលជាហិរញ្ញប្បទានឥតសំណងរបស់រដ្ឋបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ប្រើប្រាស់ក្នុងពិធីបើក-បិទកីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗ បានសម្រេចសមិទ្ធផលសាងសង់សម្រេចបាន ៨០% ហើយ។ប៉ុន្តែនឹងមិនបញ្ចប់នៅចុងឆ្នាំ២០២០នេះ តាមការគ្រោងទុកទេ ពោលគឺនឹងពន្យារទៅដល់ខែ មីនា ឬមេសាឆ្នាំ២០២១ ខាងមុខ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងឱ្យដឹងតាមរយៈ construction-property កាលថ្ងៃទី ១២សីហាថា ការអូសបន្លាយនៃការសាងសង់នេះ គឺដោយសារវិបត្តិកូវីដ ដែលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់ប្រទេសនៃអ្នកជំនាញចិន ក៏ដូចជាការដឹកជញ្ជូនសំភារៈមួយចំនួនផងដែរ។
លោកថ្លែងថា៖ «ជារួម ការងារសាងសង់សម្រេចបាន ៨០% ហើយ។ នៅសល់តែគ្រឿងបំពាក់ គ្រឿងលំអ និង គ្រឿងបំពាក់តុបតែខាងក្រៅនោះទេ ហើយការងារទាំងអស់នេះនឹងសម្រេច នៅខែមីនា ឬមេសា ឆ្នាំ២០២១ នេះ ធ្វើយ៉ាងណាធ្វើឱ្យចប់មុនស៊ីហ្គេម»។

ពហុកីឡដ្ឋានដ៏ធំមួយនេះ កំពុងសាងសង់ដោយក្រុមហ៊ុនប្រទេសចិន China State Construction Engineering Corporation លើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ ក្រោមថវិកាជំនួយឥតសំណងរបស់ចិន ១៦០លានដុល្លារ។
កីឡដ្ឋានធំ ត្រូវបានសាងសង់លើផ្ទៃដីទំហំ ១៦.៤ហិកតាខាងលើ គឺស្ថិតក្នុងការសាងសង់ដំណាក់កាលទី២ របស់ពហុកីឡដ្ឋានជាតិមរតកតេជោ ដោយបានសម្ពោធបើកការសាងសង់ កាលពីដើមខែមេសា ឆ្នាំ២០១៧ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០។ កីឡដ្ឋានស្ដង់ដារអន្ដរជាតិនេះ អាចផ្ទុកអ្នកទស្សនាបាន ៦ម៉ឺននាក់ ហើយមានច្រកសុវត្ថិភាព អាចរំដោះអ្នកគាំទ្រទាំងអស់ត្រឹមតែ ៧នាទីប៉ុណ្ណោះ។

ដោយឡែកដំណាក់កាលទី១ រួមមានមណ្ឌលកីឡាហែលទឹកអន្ដរជាតិ, មណ្ឌលកីឡាក្នុងសាល, អាគារស្នាក់នៅកីឡា, តារាងបាល់ទាត់សម្រាប់កម្ដៅសាច់ដុំ, តារាបាល់ទះ, តារាងបាល់បោះ, តារាងកីឡាវាយកូនបាល់ និងសាលហាត់កីឡាប្រយុទ្ធ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ តាំងពីខែមេសា ឆ្នាំ២០១៧ ម្ល៉េះ។ រីឯដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយនៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងចាប់ផ្ដើមសាងសង់ ក្រោយបញ្ចប់ការសាងសង់កីឡដ្ឋានធំ ឬ Main Stadium។
គួបញ្ជាក់ផងដែរថា ពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់កាលពីខែ មេសា ឆ្នាំ២០១៧ ក្រោមវត្តមានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រោយបញ្ចប់ការសាងសង់ កីឡដ្ឋាននេះ នឹងអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់ ពោលគឺដើម្បីធ្វើជាទីតាំងម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣៕
អត្ថបទ៖ ពិសី