ស្ពានអាកាសនិងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ គ្រោងបញ្ចប់សាងសង់នៅចុងឆ្នាំ២០២១ខណៈបច្ចុប្បន្នសម្រេចបានជាង៤០%

រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមដើមសប្ដាហ៍នេះ គម្រោងស្ថាបនាសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ សម្រេចបានលទ្ធផលជាង៤៤ភាគរយហើយ ដោយគ្រោងបញ្ចប់ទាំងស្រុងនៅត្រឹមចុងឆ្នាំ២០២១ ខាងមុខនេះ។

បើតាមមន្ត្រីជំនាញ បច្ចេកប្រចាំការនៅការដ្ឋានសាងសង់បានបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះថា សំណង់ផ្លូវថ្នល់នៅចំណុចបំបែកចោមចៅផ្នែកផ្លូវក្រោមដី ស្ថាបនាបានច្រើនដែលស្ទើរតែបញ្ចប់ទាំងស្រុង ហើយនឹងបន្តសាងសង់ស្ពានអាកាសបន្តទៀត ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ ពិសេសកាត់បន្ថយភាពកកស្ទះ។

លោកបានបញ្ជាក់ថា “ពេលនេះក្រុមជំនាញកំពុងមមាញឹក ក្នុងការស្ថាបនាគម្រោងនេះឱ្យហើយតាមផែនការ បើទោះបីជារដូវវស្សាឈានចូលមកដល់ ដែលបង្កឱ្យមានផលប៉ះពាល់នូវដំណើរការស្ថាបនាបន្តិចមែន ប៉ុន្ដែមិនមែនជាឧបសគ្គដល់ការសាងសង់នោះទេ ដោយខាងមន្ទីរសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណាជំរុញឱ្យការងារនេះរួចរាល់តាមការកំណត់” ។ លោកបន្តថា “ក្រោយពេលឡើងផុតផ្លូវក្រោមដីទៅ យើងនឹងមានភាពធូស្រាលហើយ ដោយមិនមានភាពលំបាកអ្វីទៀតនោះទេ” ។

ស្ពានអាកាស និងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ជាគម្រោងរបស់រាជ រដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ។ ដំណើរការសាងសង់ក្នុងរយៈពេល ៣០ខែ និងចំណាយថវិកាសាងសង់ចំនួន ២២លានដុល្លារអាម៉េរិក។ ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការសាងសង់នេះគឺត្រូវបានបែងចែកជា ៣ផ្នែកគឺ ស្ពានទី១-ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅ និងពីរគន្លងមកជម្រាលស្ពាន ៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន ៥,៥ ម៉ែត្រ។

គួរបញ្ជាក់ផងដែរថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការ កាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាព សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕
អត្ថបទ៖ ពិសី