ក្រុមហ៊ុនចំនួន៣ នឹងត្រូវជ្រើសរើសឲ្យផ្តល់សេវាប្រមូលសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៣ នឹងត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ កំពុងពិចារណា និងវាយតម្លៃ ជ្រើសរើសដើម្បីផ្តល់សេវាប្រមូលសំរាម និងសំណល់រឹង ប្រកបដោយលក្ខណៈស្តង់ដារនៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមលោក ម៉េត មាសភក្តី មន្ត្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ។

លោក ម៉េត មាសភក្ដី ត្រូវបាន AKP ដកស្រង់សំដីនៅថ្ងៃទី២៣ ខែកញ្ញានេះថា រដ្ឋបាលរាជធានីភ្នំពេញ កំពុងពិចារណា និងវាយតម្លៃ ដោយជ្រើសយកក្រុមហ៊ុនចំនួន៣ ដើម្បីផ្តល់សេវាប្រមូលសំរាម និងសំណល់រឹង ប្រកបដោយលក្ខណៈស្តង់ដារនៅក្នុងរាជធានីភ្នំពេញ។ ក្រុមហ៊ុនទាំង៣ ដែលសម្រេចជ្រើសរើស នៅដំណាក់កាលចុងក្រោយ នឹងទទួលខុសត្រូវប្រមូលសំរាមក្នុងខណ្ឌទាំង ១៤ តាមតារាង ពេលវេលាជាក់លាក់ ក្នុងការប្រមូល និងគ្រប់ច្រកផ្លូវទាំងអស់។

លោកបន្ដថា ទោះបីជាពេលវេលានៃការចាប់ផ្តើមការអនុវត្តការងាររបស់ក្រុមហ៊ុនប្រមូលសំរាមថ្មី មិនទាន់បានកំណត់ជាក់លាក់យ៉ាងណាក្តី ប៉ុន្តែលោកថា នឹងរៀបចំការប្រមូលសំរាមដោយបែងចែកខណ្ឌទាំង១៤ ជា ៣តំបន់ ដោយតំបន់នីមួយៗ មានក្រុមហ៊ុនមួយជាអ្នកទទួលខុសត្រូវ និងរៀបចំតារាងពេលវេលាជាក់លាក់ក្នុងការប្រមូលសំរាមពីគ្រប់ច្រកផ្លូវចេញចូល ផងដែរ។

លោកថា កាលពីខែតុលា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសដកហូតសិទ្ធិប្រមូលសំរាមពី ក្រុមហ៊ុនស៊ិនទ្រី ដើម្បីឲ្យរដ្ឋកាន់កាប់សិន។ ការប្រមូលសំរាមនៅរាជធានីភ្នំពេញ ក៏តម្រូវដាក់ឱ្យដេញថ្លៃជាថ្មី ដើម្បីស្វែងរកក្រុមហ៊ុន ដែលមានបទពិសោធន៍ ចូលរួមផ្ដល់សេវាប្រមូល និងដឹកជញ្ជូនសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ដោយសារកំណើនប្រជាពលរដ្ឋរាជធានីភ្នំពេញ បានធ្វើឱ្យបរិមាណ ផលិតសំរាម សំណល់រឹងកាន់តែមានការកើនទ្បើង ដែលជាក់ស្ដែងក្នុងមួយថ្ងៃៗរាជធានី ភ្នំពេញ មានសំរាមប្រមាណជា ៣០០០តោន ដែលត្រូវបានប្រមូល និងដឹកជាប្រចាំទៅចាក់ ចោលនៅទីលានចាក់សំរាមជើងឯក៕