ក្រុមហ៊ុនខ្មែរចំនួន ២បោះទុនរួមគ្នាវិនិយោគផ្ដល់សេវាអគ្គិសនីនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

ព្រះសីហនុ៖ សហគ្រាស ស៊្រុន ស្រីអូន វ៉ធើរ សឹបផ្លាយ និងក្រុមហ៊ុនរបស់លោក ឈីន សុខឈុន បានបោះទុនរួមគ្នាវិនិយោគបម្រើសេវាកម្មអគ្គិសនីនៅភូមកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ខណៈអាជ្ញាធរបានណែនាំជាច្រើនចំណុច។

លោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែកញ្ញានេះ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ក្នុងការចេញអាជ្ញាប័ណ្ណឲ្យលោក ឈីន សុខឈុន ធ្វើអាជីវកម្មអគ្គិសនីនៅផ្នែកខ្លះនៃភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម និងភូមិដើមថ្កូវសង្កាត់កោះរ៉ុង។ ចំណែកសហគ្រាស ស៊្រុន ស្រីអូន វ៉ធើរ សឹបផ្លាយ ធ្វើសេវាកម្មអគ្គិសនីនៅភូមកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោក លៀម សុដា បានធ្វើការណែនាំដល់ក្រុមហ៊ុនទាំងពីរដែលទទួលបានអាជ្ញាប័ណ្ណឲ្យសហគ្រាស ស៊្រុន ស្រីអូន វ៉ធើរ សឹបផ្លាយ ធ្វើសេវាកម្មអគ្គិសនីនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង និងលោក ឈីន សុខឈុន ធ្វើអាជីវកម្មអគ្គិសនីនៅផ្នែកខ្លះនៃភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម និងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងនោះលោកបានណែនាំឲ្យក្រុមហ៊ុនទាំងពីរ ត្រូវសហការជាមួយក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន ដើម្បីក្រុមហ៊ុនតបណ្តាញ និងចែកចាយអគ្គិសនីជូនប្រជាពលរដ្ឋ។ ក្រុមហ៊ុនត្រូវគោរព និងអនុវត្តន៍តាមច្បាប់របស់ អគ្គិសនីកម្ពុជា។

លោកសុំកុំឲ្យមានការប៉ះពាល់ផលប្រយោជន៍សាធារណ: និងផលប្រយោជន៍ឯកជន ទន្ទឹមនោះអាជ្ញាធរសង្កាត់ ក្រុង ជួយសម្របសម្រួល ដើម្បីឲ្យក្រុមហ៊ុនដំណើរការ អគ្គិសនីជូនប្រជាពលរដ្ឋនៅតំបន់កោះ មានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ ព្រោះក្រុងកោះរ៉ុង និងក្លាយជាទីក្រុងឧស្សាហកម្មទេសចរណ៍នាពេលខាងមុខ៕