រាជធានី-ខេត្តចំនួន១៦ ត្រូវបាន​ប៉ះពាល់ពីជំនន់ទឹកភ្លៀង បើគិតត្រឹមថ្ងៃទី១១ ខែតុលានេះ

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ឃុន សុខា នៅថ្ងៃទី១២ ខែតុលានេះបានឲ្យ​ដឹង​ថា បើគិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ​៣៖០០រសៀលនេះ មានរាជធានី-ខេត្តចំនួន ១៦ ហើយដែលកំពុងរងការប៉ះពាល់ពីជំនន់ទឹកភ្លៀង ដោយទទួលរង​ឥទ្ធិពលព្យុះទី១១ ​បានធ្វើឲ្យ​កម្ពុជា​មានភ្លៀង​ធ្លា​ក់​ច្រើនក្នុងក្រប​ខ័ណ្ឌទូ​ទាំ​ង​ប្រទេ​ស។

លោកបានថ្លែងថា ជំនន់ទឹកភ្លៀងនេះ គិតត្រឹមថ្ងៃទី១១ ខែតុលា បានប៉ះពាល់រាជធានី-ខេត្តចំនួន១៦ហើយ (ខេត្ត​ភាគ​ពា​យ័​ព្យ រងគ្រោះ​ធ្ង​ន់ធ្ងរ​ជាងគេ) ស្មើនឹង៥១ស្រុក/ក្រុង និង១៥៧ឃុំ/សង្កាត់ ដោយក្នុងនោះក៏​បានប៉ះពា​ល់ដល់​ប្រជាព​លរដ្ឋ​ប្រ​មាណ​ជាង ១០១ ៨១២នាក់ និង ២៤ ៦៦៦ខ្នងផ្ទះ ខណៈប្រជាពលរដ្ឋប្រមាណ ៩ ៥៦០នាក់ ត្រូវបានជម្លៀ​សទៅកា​ន់ទីទួ​ល​សុវ​ត្ថិ​ភា​ព ដោយឡែកប្រជាពលរដ្ឋ ០៩នាក់ បានស្លាប់ដោយសារគ្រោះទឹកជំនន់នេះ។

លោក ឃុន សុខា បញ្ជាក់ថា៖ «ដោយទទួលរងនូវឥទ្ធិពលព្យុះទី១១ និងសម្ពាធទាបមួយចំនួន បានធ្វើឲ្យ​កម្ពុជាយើងមាន​ភ្លៀង​ធ្លា​ក់​ច្រើ​នក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាពិសេសគឺខេត្តនៅតាមមាត់សមុទ្រ តំបន់ខ្ពង់រាបភាគខាងជើង និងភាគពា​យ័​ព្យ ដែលបានបង្កឲ្យ​មានជំនន់ទឹកភ្លៀងនេះឡើង»។

​អ្នកនាំពាក្យបានបន្ថែមថា គ្រោះទឹកជំនន់នេះក៏បានបំផ្លាញដំណាំស្រូវរបស់ប្រជាកសិករប្រមាណ ៣៩ ៤៦២ ហិកតា និង​ដំណាំរួមផ្សំប្រមាណ ៣៤ ១៨៨ ហិកតា។ ក្នុងខណៈពេលដែលគ្រោះទឹកជំនន់កំពុងវាយប្រហារនេះផងដែរ ខេត្តចំនួ​ន១៧ ស្មើប្រមាណ ២៧ក្រុង/ស្រុក បែរជារងផលប៉ះពាល់ពីគ្រោះរាំងស្ងួតទៅវិញ ដែលបណ្តាលឱ្យប៉ះពាល់ស្រូវប្រមាណ ៨៣ ៧​៣៣ហិក​តា។

ករណី​គ្រោះមហន្តរាយនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានហ្វឹកហាត់កងកម្លាំងប្រដាប់អាវុធចំនួន ១ ០០០​នាក់ ទុកជាមុនរួចហើយដើម្បីក្លាយជាអ្នកសង្គ្រោះ នៅពេលទឹកជំនន់នេះ ហើយកងកម្លាំងទាំងនេះក៏បាន និងកំពុង​ស​ង្គ្រោះ​ប្រជាពលរដ្ឋនៅតាមខេត្តមួយចំនួនដែលរងគ្រោះធ្ងន់ធ្ងរហើយដែរ។

​លោក​នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និង​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានដាក់ចេញនូវ​បទបញ្ជាឲ្យ​គ្រប់បណ្ដាកងឯកភាពចំ​ណុះ​ទាំ​ង​អស់ ចាត់តាំងកម្លាំង មធ្យោបាយ និងសម្ភារដើម្បីត្រៀមចូលរួមក្នុងប្រតិបត្តិការ អន្តរាគមន៍សង្គ្រោះ​ប្រជាពលរដ្ឋ​នៅក្នុ​ង​ភូ​មិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយទឹកជំនន់៕